ព័ត៌មានជាតិ

ចាប់ខ្លួន លោក ផាន់ សារ៉ាត់ អនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ មិនពាក់ព័ន្ធនយោបាយ

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបកស្រាយថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ អនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ មិនមែនពាក់ព័ន្ធនយោបាយនោះទេ ប៉ុន្តែមកពីបុគ្គលនេះបានផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត ។

យោងតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ៣០ មករា បានឲ្យដឹងថា កាលពីថ្ងៃ២៨ មករា សមត្ថកិច្ចស្នងការរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើប អង្កេតបទល្មើសជាក់ស្តែង និងដោយមានការសម្របសម្រួលនីតិវិធី ពីអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បាន ធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ផាន់ សារ៉ាត់ ពាក់ព័ន្ធករណីញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពី ការពិតដែលមានចេតនាញុះញង់ នាំឱ្យមានការរើសអើងថ្នាក់ដឹកនាំធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិដែលប្រព្រឹត្តកាលពីពេលកន្លងទៅ។

ជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមក សាកសួរ ដោយយោងតាមចម្លើយសារភាព និងភស្តុតាង បុគ្គលនេះពិតជាបានប្រព្រឹត្តសកម្មភាពបំភ្លៃព័ត៌មាន និងចែកចាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គមប្រាកដមែន។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា “ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ ខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនិងការគាបសង្កត់ ឬបំភិតបំភ័យ ផ្នែកនយោបាយលើសិទ្ធិបញ្ចេញយោបល់នោះទេ”។

បន្ទាប់ពីសួរនាំរួច ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ៣០ មក បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ក្រោយមានការចាប់ខ្លួន គណបក្សកម្លាំងជាតិបានចេញ សេចក្តីថ្លែងការណ៍បង្ហាញការសោកស្តាយ ។ ដោយអះអាងថា ការចាប់ខ្លួននេះ គឺជាការបំភិតបំភ័យថ្មីមួយទៀត ក៏ដូចជាការបន្តធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណបក្សដោយឥតឈប់ឈរ៕

To Top