ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការបន្ថែមជំនួយរបស់អូស្រ្តាលីចំនួន ២លានដុល្លារអូស្រ្តាលី ពិតជាឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយមីននៅកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ការបន្ថែមជំនួយថវិការបស់អូស្រ្តាលីចំនួន ២លានដុល្លារអូស្រ្តាលី ពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។

ការលើកឡើងរបស់ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយរបស់ប្រទេសអូស្រ្តាលីសម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CFR4) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា តំណាងរដ្ឋាភិបាលអូស្រា្តលី និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)ប្រចាំកម្ពុជា។

ក្នុងនោះ លោកបណ្ឌិត លី ធុជ បានកោតសរសើរចំពោះការរួមចំណែកបន្ថែមរបស់ប្រទេសអូស្រ្តាលី ចំនួន ២លានដុល្លារអូស្រ្តាលី ក្នុងវិស័យសកម្មភាពមីន ដែលពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នៅតែបន្តរក្សាសន្ទុះ និងការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ចំពោះអនាគតកម្ពុជាមួយដែលគ្មានមីន ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា ប្រទេសអូស្ត្រាលី គឺជាមិត្តដ៏យូរអង្វែង និងរឹងមាំរបស់កម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងការបង្កើតនូវការប្តេជ្ញាចិត្តរួមក្នុងដោះស្រាយបញ្ហាមីននៅកម្ពុជា។ ថវិកាជាង ១០០ ដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បានរួមចំណែកក្នុងការងារបោសសម្អាតមីននៅកម្ពុជា ក្នុងនោះថវិកាជាង ៣៥ លានដុល្លារអាមេរិក សម្រាប់គម្រោង CFR ចាប់តាំងពីឆ្នាំ២០០៦។

ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ UNDP ចាប់តាំងពីឆ្នាំ១៩៩៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវិស័យសកម្មភាពមីនរបស់កម្ពុជា ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និង UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

លោកបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ទៀតថា “រាល់ចម្ការមីនដែលយើងបោសសម្អាតរួច គឺជាអំណោយជីវិតមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូដែលយើងបានពង្រឹង នឹងនាំឱ្យយើងកាន់តែខិតជិតទៅនឹងចក្ខុវិស័យប្រទេសកម្ពុជាគ្មានមីន។ យើងមិនត្រឹមតែរួមគ្នាបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងស្ពាននៃក្តីសង្ឃឹម ភាពរុងរឿង និងសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។ យើងទាំងអស់គ្នាត្រូវបន្តរួបរួមគ្នា និងបន្តឈរយ៉ាងរឹងមាំជាមួយគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមកម្ពុជាមួយដែលគ្មានមីន ស្របតាម សុភាសិតខ្មែរបុរាណបានពោលថា “ចង្កឹះមួយដើមគេកាច់បាក់ ចង្កឹះមួយបាច់គេមិនអាចកាច់បាក់បានឡើយ”។

លោកទេសរដ្ឋមន្រ្តី បន្តទៀតថា ជាក់ស្តែងក្នុងភាពជាដៃគូយ៉ាងរឹងមាំរវាង កម្ពុជា អូស្រ្តាលី និង UNDP បានភ្ជាប់នូវកម្លាំង ធនធាន និងការប្តេជ្ញាចិត្តរួម ដើម្បីបង្កើតនូវចំណងដែលមិនអាចបំបែកបានក្នុងការបម្រើសុវត្ថិភាព វិបុលភាពរបស់ប្រជាជនកម្ពុជា និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មក បានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២ លាននាក់៕

To Top