កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងបើកកិច្ចប្រជុំ សម្រួញឲ្យសេវាករ ពន្លឿនការងារ ដោះស្រាយឲ្យបានឆាប់រហ័ស ក្នុងការផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋប្រើ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ។

បើតាម លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរបានឲ្យដឹងថា សេវាករដល់ទទួលបានអាជ្ញាប័ណ្ណក្នុងការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងឃុំព្រែកដំបូកនេះ គឺចាប់តាំងពីឆ្នាំ២០១២ មកម៉្លេះ ហើយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់បានកើតឡើង នៅឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន។

លោកអភិបាលស្រុក បានបញ្ជាក់ថា នៅក្នុងកំឡុងពេលមានបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនេះ គឺប្រជាពលរដ្ឋបានប្រើប្រាស់ ទឹកមិនស្អាត ទឹកមានកករ និងប្រើទឹកមិនគ្រប់គ្រាន់ ឬមានពេលខ្លះ ដាច់ទឹករយៈពេលយូរថ្ងៃថែមទៀតផង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បន្ទាប់ពីទទួលបានការរាយការណ៍ពីអភិបាលស្រុកស្រីសន្ធរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យសេវាករ ធ្វើយ៉ាងណាពន្លឿនការងាររបស់ខ្លួន ដើម្បីផ្គត់ផ្គង់ទឹកស្អាតឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងដែនរបស់ខ្លួន យ៉ាងយូរបំផុត រយៈពេល៣ខែទៀតប៉ុណ្ណោះ ។
