ភ្នំពេញ៖ អ្នកសិក្សាស្រាវជ្រាវនិងមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មើលឃើញថា ការចេញសេចក្តីណែនាំរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើ «ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.» គឺជាការផ្តល់តម្លាភាព និងប្រសិទ្ធភាពលើសេវាថែទាំសុខភាពនៅតាមបណ្តាមន្ទីរសម្រាកព្យាបាលនៅទូទាំងប្រទេស។

លោក ថេង រ៉ាប៊ីន តំណាងមន្ទីរសម្រាកព្យាបាលប្រជាប្រិយទួលពង្រដែលជាដៃគូ ប.ស.ស. បានគាំទ្រយ៉ាងពេញទំហឹងនូវការណែនាំថ្មីនេះ ពីព្រោះនេះជាយន្តការបន្ថែមមួយទៀត ដើម្បីបង្ហាញឱ្យឃើញនូវតម្លាភាពនៃការផ្តល់សេវាថែទាំសុខភាពទៅសមាជិក ប.ស.ស. ដល់ពលរដ្ឋនៅទូទាំងប្រទេស។

លោកបានគូសបញ្ជាក់បន្ថែមទៀតថា យន្តការនេះនឹងធ្វើឱ្យគ្រប់មូលដ្ឋានសុខាភិបាលនៅទូទាំងប្រទេសទាំងអស់ត្រូវផ្តល់ការពិគ្រោះព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រដាសវេជ្ជបញ្ជា ស្របតាមពិធីសារ ឬសេចក្ដីណែនាំ ប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលា ជូនសមាជិក ប.ស.ស. របស់ខ្លួន។ ដែលនេះគឺមានសារសំខាន់ណាស់ដើម្បីធានាប្រសិទ្ធភាពលើសេវាថែទាំសុខភាព នៅពេលពលរដ្ឋឈឺថ្កាត់ផ្សេងៗ។

លោកបញ្ជាក់ថា ក្នុងនាមជាតំណាងមូលដ្ឋានសុខាភិបាល នឹងអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ហើយលើកទឹកចិត្តដល់សមាជិក ប.ស.ស. ទាំងអស់សូមមកទទួលសេវាថែទាំសុខភាពឱ្យមានទំនុកចិត្ត និងជឿជាក់បំផុត។ លោកវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធដែលបន្តយកចិត្តទុកដាក់លើប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋកម្ពុជា។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនៈវិជ្ជា និងជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា យន្តការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. របស់ក្រសួងការងារ គឺជាការយកចិត្តទុកថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលលើសេវាថែទាំសុខភាពពីសំណាក់មូលដ្ឋានសុខាភិបាល។ ចាប់តាំងពីរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ឡើងកាន់តំណែងមក ប.ស.ស. តែងតែត្រូវបានលើកកម្ពស់ និងពង្រីកវិសាលភាពទៅមុខជានិច្ច រហូតមានអ្នកចុះឈ្មោះដើម្បីក្លាយជាសមាជិកលើសពី ២ លាននាក់ផងដែរ។

លោកបណ្ឌិតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំពារសុខភាពដល់ពលរដ្ឋ ដូច្នេះមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ ប.ស.ស. នៅទូទាំងប្រទេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ ប.ស.ស. ជៀសជាងមានការខ្វះចន្លោះណាមួយដែលធ្វើឱ្យការផ្តល់សេវាថែទាំសុខភាពដល់សមាជិករបស់ខ្លួនមិនបានត្រឹមត្រូវ និងមិនស្របតាមច្បាប់ផ្សេងៗ។



កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំដល់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ចំនួន ១០ ចំណុចដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិក ប.ស.ស. ក្នុងនោះមានដូចជា៖ មូលដ្ឋានសុខាភិបាលត្រូវសាកសួរព័ត៌មានតាមបច្ចេកទេសសុខាភិបាលដើម្បីកំណត់អំពីបញ្ហាសុខភាពរបស់សមាជិក ប.ស.ស.។ ត្រូវប្រតិបត្តិតាមបទដ្ឋានស្តង់ដានៃការបែងចែកជំងឺដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃអំពីកម្រិតនៃភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលកំណត់ដោយក្រសួងសុខាភិបាល និងត្រូវផ្តល់ការពិគ្រោះព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រដាសវេជ្ជបញ្ជា ស្របតាមពិធីសារ ឬសេចក្ដីណែនាំ ប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និង ទាន់ពេលវេលា ជូនសមាជិក ប.ស.ស.៕

