ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ៤៤៦,៨០១ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយ ចំនួនបី ក្រោមគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោង ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយទាំងបី ដើម្បីអនុវត្តគម្រោងដូចតទៅ៖

១. ថវិកាចំនួន ១៨០,៣៩៦ ដុល្លារអាមេរិក សម្រាប់ “គម្រោងស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងក្រែក ក្នុងខេត្តតាកែវ។ ស្ថាប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ។

២. ថវិកាចំនួន ១៥៤,៣៥៣ ដុល្លារអាមេរិក សម្រាប់ “គម្រោងសាងសង់ស្ពានក្នុងឃុំឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ”។ ស្ថាប័នទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ។
៣. ថវិកាចំនួន ១១២,០៥២ ដុល្លារអាមេរិក សម្រាប់ “គម្រោងសាងសង់ស្ពានក្នុងឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប” ។ ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលឃុំខ្វាវ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តជំនួយឥតសំណងគូសាណូណ៌នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោង របស់ពួកគាត់។ គូសាណូណ៌ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន ហើយនៅក្នុងរយៈពេលជាង៣០ ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុន បានអនុវត្តជិត ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោង ការណ៍ជំនួយឥតសំណងគូសាណូណ៌៕



