ព័ត៌មានជាតិ

អាជ្ញាធរ នឹងចាប់ផ្តើមបិទចរាចរ ក្នុងពេលដំណើរការសាកល្បង Walk Street លើបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ នៅរៀងរាល់ចុងសប្តាហ៍ ដើមខែកុម្ភៈតទៅ

ភ្នំពេញ៖ យោតាមសេចក្តីជូនដំណឹង ស្តីពី ការពង្វាងចរាចរ ក្នុងឱកាសដាក់ដំណើរការសាកល្បង ផ្លូវថ្មើរជើង (Walk Street) នៅតាម បណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខ ព្រះបរមរាជវាំង) របស់រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការ សាកល្បងផ្លូវថ្មើរជើង (Walk Street) នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាន នូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបិទផ្លូវ និងពង្វាងចរាចរ ចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោង ដូចបានជម្រាបជូនខាងលើ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង ។

ក្នុងនោះមានដូចជា៖
១- បិទកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ប្រវែង ១.៩៣៥ម៉ែត្រ
២ – បិទកំណាត់វិថីកាត់ទទឹង ចាប់ពីកែងតីរវិថីព្រះស៊ីសុវត្ថិ ដល់កែងមហាវិថីព្រះនរោត្តម រួមមាន៖
វិថីព្រះអង្គនន្ទ (ផ្លូវលេខ១០២), រុក្ខវិថីព្រះមហាក្សត្រីយានីកុសុមៈ (ផ្លូវលេខ១០៦), រុក្ខវិថី ឧកញ៉ា អ៊ឹង ប៊ុនហូវ (ផ្លូវលេខ១០៨), វិថីព្រះអង្គឌួង (ផ្លូវលេខ១១០), វិថីក្រឡាហោមគង់ (ផ្លូវលេខ១១៨), រុក្ខវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០), វិថីឧកញ៉ា អ៊ុន (ផ្លូវលេខ១៣៦), វិថី ព្រះអង្គហស្សកណ្ឌ (ផ្លូវលេខ១៤៤), កំណាត់វិថីឧកញ៉ាអ៊ុក លន់ (ផ្លូវលេខ១៤៨) និងវិថី តេជោដំឌិន (ផ្លូវលេខ១៥៤)
៣- បិទវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤), វិថីឧកញ៉ា សន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីកែងតីរវិថី ព្រះស៊ីសុវត្ថិ ដល់កែងវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩)
៤- បិទវិថីព្រះអង្គមគ្គវណ្ណ (ផ្លូវលេខ១៧៨) ចាប់ពីផ្នែកខាងកើតនៃវិថីព្រះអង្គអេង (ផ្លូវលេខ១៣) រហូតដល់កែងតីរវិថីព្រះស៊ីសុវត្ថិ
៥- មហាវិថីសម្តេចសុធារស បិទចាប់ពីកែងវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ដល់កែងវិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០)។

ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០) និងនៅតាមបណ្តោយវិថីព្រះអង្គអេង (ផ្លូវ លេខ១៣) ដល់កែងវិថីព្រះអង្គមគ្គវណ្ណ (ផ្លូវលេខ១៧៨) ត្រូវយកយានជំនិះ របស់បងប្អូនចេញពីតំបន់ថ្មើរជើង ឱ្យបានមុនពេល ដែលបានកំណត់ខាងលើ ដើម្បីសម្រួលដល់ការដើរ កម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណង មកដើរកម្សាន្ត សូមមេត្តាប្រើប្រាស់មធ្យោបាយសាធារណៈ ជំនួសឱ្យការប្រើប្រាស់មធ្យោបាយ ផ្ទាល់ខ្លួន៕

To Top