កំពង់ចាម ៖ ក្នុងកិច្ចប្រជុំស្ដីអំពីការគ្រប់គ្រង សំណល់រឹង និងសម្រាម និងបញ្ហាផ្សេងៗពាក់ព័ន្ធ វិស័យបរិស្ថាន របស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់វិធានការ ដើម្បីឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក យកទៅអនុវត្តដើម្បីគ្រប់គ្រងសំណល់រឹង និងសំរាមទុកដាក់ ឲ្យបានត្រឹមត្រូវ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីរក្សាបរិស្ថានស្អាតក្នុងក្រុងកំពង់ចាម ក៏ដូចតាមបណ្ដាស្រុកនានា មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តនៅវិធានការដូចខាងក្រោម ៖
ទី១ ៖ គឺវិធានការអប់រំផ្សព្វផ្សាយ ចាំបាច់ត្រូវបន្តធ្វើ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបោះបង់ការប្រើប្រាស់ថង់ប្លាស្ទិច ដើម្បីឲ្យពួកគាត់ចូលរួមទទួលយកភាពស្អាតទាំងអស់គ្នា។ រីឯគោលដៅអាទិភាព គឺចាប់ផ្ដើមពីប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ.ប្រជាពលរដ្ឋ ប្រើប្រាស់ដងផ្លូវ. រោងចក្រសហគ្រាស ដែលកំពុងធ្វើអាជីវកម្ម តាមដងផ្លូវ។ ទន្ទឹមនឹងនេះរោងចក្រសហគ្រាសក៏ត្រូវចូលរួមសហការ អប់រំណែនាំដល់កម្មករ កម្មការិនីរបស់ពួកគាត់ ហើយចំពោះរថយន្តដឹកកម្មករ កម្មការិនី ត្រូវឱ្យមានធុងដាក់សំរាម នៅលើរថយន្តនោះតែម្ដង។
ទី២ ៖ សម្រាប់អាជ្ញាធរដែនដី គឺមានតួនាទីសំខាន់ ក្នុងការដឹកនាំចាត់ចែង ឲ្យមានសកម្មភាព ដើម្បីបំផុសដល់សហគមន៍ ប្រជាពលរដ្ឋចូលរួម តាមរយៈយន្តការសិស្សសាលា យុវជនទាំងអស់ គឺឲ្យពួកគាត់ចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមសំអាតប្រមូលសំរាម និងថង់ប្លាស្ទិកយកទៅដាក់ទីកន្លែង ទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ចំពោះបុគ្គលណា ដែលមិនចូលរួមជាមួយនឹងអាជ្ញាធរ ហើយនៅតែប្រព្រឹត្ត ចោលសំរាម ឬថង់ប្លាស្ទិក ពាសវាលពាសកាល ត្រូវកោះហៅយកមកធ្វើកិច្ចសន្យា នៅប៉ុស្តិ៍រដ្ឋបាល។ហើយ ប្រសិនបើ បុគ្គលនោះនៅតែប្រព្រឹត្តល្មើសទៀត គឺអាចប្រឈមនូវការទទួលពិន័យ ដោយប្រការនេះ អាជ្ញាធរមូលដ្ឋាន និងមន្ទីរបរិស្ថាន ត្រូវសិក្សាពីលទ្ធភាពដែលត្រូវពិន័យ ទៅតាមច្បាប់ របស់ក្រសួងបរិស្ថាន ដែលបានចែង។