ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ដល់បុគ្គលិកអប់រំពាក់ព័ន្ធ ឱ្យរៀបចំការប្រឡងប្រណាំងសាលារៀនគ្មានសំរាម សម្រាប់វិទ្យាល័យ ក្នុងខេត្តពោធិ៍សាត់ទាំងអស់ ពិសេសអាចប្រែក្លាយ សាលារៀន មានធុងសំរាម ទៅជាសាលារៀនគ្មានធុងសំរាម។

ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន ក្នុងពិធីបើកសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារ ឆ្នាំសិក្សា ២០២៤-២០២៥ របស់អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ខេត្តពោធិ៍សាត់ និងមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្តពោធិ៍សាត់ លោក-លោកស្រី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៤៧០ នាក់។

លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំខេត្តពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែង បំពេញតាមតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡាឱ្យទទួលបានលទ្ធផលល្អ និងបានគូសបញ្ជាក់ថា សន្និបាតខេត្តគឺជាយន្តការសំខាន់សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ ផ្តោតសំខាន់លើសូចនាករអប់រំសំខាន់ៗ ជាពិសេសត្រៀមរួចរាល់សម្រាប់សន្និបាតថ្នាក់ជាតិ ដើម្បីវាយតម្លៃនៃការអនុវត្ត និងកំណត់ទិសដៅនានាសម្រាប់ឆ្នាំបន្តបន្ទាប់ ដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។

ទន្ទឹមនឹងនេះ លោក ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់បុគ្គលិកអប់រំពាក់ព័ន្ធ ឱ្យរៀបចំការប្រឡងប្រណាំងសាលារៀនគ្មានសំរាម សម្រាប់វិទ្យាល័យក្នុងខេត្តពោធិ៍សាត់ទាំងអស់ ជាពិសេសអាចប្រែក្លាយសាលារៀនដែលមានធុងសំរាមទៅជាសាលារៀនគ្មានធុងសំរាម, គាំទ្រគំនិតផ្តួចផ្ដើមក្នុងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានៅខេត្តពោធិ៍សាត់ ដែលចាប់ផ្ដើមពីការបង្កើតសាកល្បងជាមុន ដោយលើកទឹកចិត្តឱ្យស្វែងយល់ពីការប្រើប្រាស់មជ្ឈមណ្ឌលនេះឱ្យចំគោលដៅ និងគ្រប់ជ្រុងជ្រោយ, រៀបចំបណ្ណាល័យសតវត្សទី២១, មានគោលដៅផ្សារភ្ជាប់សាលារៀនឌីជីថល និងសាលារៀនជំនាន់ថ្មី ដូចជា វិទ្យាល័យព្រះស៊ីសុវត្ថិ ជាមួយសាលារៀននៅតាមខេត្តនានា, ព្យាយាមប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធបញ្ញាសប្បនិម្មិត(AI) ដើម្បីពង្រឹងការរៀននិងបង្រៀន ឆ្លើយតបនឹងយុគសម័យឌីជីថល។

លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីស្តង់ដា សាលារៀនគំរូ ដែលក្រសួងអប់រំ បានវាយតម្លៃ និងប្រគល់ពានរង្វាន់ ជូនសាលារៀនគំរូ ចំនួន១២០រួចហើយ សម្រាប់ឆ្នាំនេះ ក្រសួងគ្រោងប្រគល់ពានរង្វាន់ជូនសាលារៀនគំរូចំនួន ១៣០ទៀត ក្នុងសន្និបាតនាពេលខាងមុខ ជាពិសេសបាននិងកំពុងគាំទ្រដល់សាលារៀន ដែលមានសក្តានុពលជាច្រើនទៀត ដើម្បីសម្រេចបានស្តង់ដាសាលារៀនគំរូក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ស្របតាមស្តង់ដាទាំង ៥៖ (ស្តង់ដាទី១). លទ្ធផលសិក្សារបស់សិស្ស, (ស្តង់ដាទី២). ការបង្រៀននិងរៀន, (ស្តង់ដាទី៣). ការចូលរួមរបស់សហគមន៍, (ស្តង់ដាទី៤). ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និង(ស្តង់ដាទី៥). គណនេយ្យភាពរបស់សាលារៀន៕
