ភ្នំពេញ ៖ ក្មេងស្រី-ប្រុស២នាក់បងប្អូនបង្កើត ត្រូវបានស្លាប់យ៉ាងអាណោចអធម ក្នុងភ្នក់ភ្លើងដែលបានឆាបឆេះផ្ទះ ក្រោយពីម្តាយបានចាក់សោរផ្ទះពីក្រៅ នៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
ហេតុការណ៍ឆេះផ្ទះនេះ កើតឡើងនៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ផ្ទះដែលអគ្គិភ័យលេបត្របាក់នេះ ជាប្រភេទផ្ទះតូបលក់ចាប់ហួយ មានទំហំ ៥ម៉ែត្រX១២ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង។ ក្មេងៗស្លាប់មានឈ្មោះ ស៊ីថា សាវឌី ភេទស្រី អាយុ ១២ឆ្នាំ និងឈ្មោះ ស៊ីថា សុវណ្ណដា ភេទប្រុស អាយុ៥ឆ្នាំ។
តាមការបំភ្លឺរបស់ម្តាយបង្កើត គឺនៅវេលាម៉ោង ២០និង៣០នាទី គាត់បានចាក់សោរពីខាងក្រៅ ហើយចេញទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះចំងាយប្រហែល១៦០ម៉ែត្រលុះដល់ម៉ោងជាង១១យប់ ស្រាប់តែឮសូរផ្ទុះ ក៏ងាកមកផ្ទះឃើញភ្លើងឆេះអស់បាត់ទៅហើយ ដែលនៅក្នុងផ្ទះមានសាំង២ពីដុង ម៉ូតូ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀតផងដែរ ៕





