មណ្ឌលគិរី ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសួនច្បារដំរីដែកខេត្តមណ្ឌលគីរី នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គគោលនយោបាយ និងយុទ្ធសាស្ត្រ បានសហការជាមួយអង្គការ WWF ធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាព លោក មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី និងមានការចូលរួមពីតំណាងបណ្តារដ្ឋបាលស្រុកនៃខេត្តមណ្ឌលគីរី សហភាពសហព័ន្ធយុវជន យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយឬទ្ធិខេត្ត និងតំណាងអង្គការWWF ប្រមាណ២០០នាក់។

ក្នុងឱកាសនោះ លោក ថង សាវុន អភិបាលខេត្ត បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាមឬសំណល់ឱ្យបានកាន់តែមានប្រសិទ្ធភាព និងគ្រប់អង្គភាពនៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ចំពោះបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិក ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋត្រូវចូលរួមចំពោះការទុកដាក់សំណល់ដោយមិនត្រូវបោះចោលពាសវាលពាសកាលនោះទេ។

ជាមួយគ្នានេះ លោក មាស សុផល អនុរដ្ឋលេខាធិការ បានជំរុញគ្រប់អ្នកពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី បន្តគាំទ្រយុទ្ធសាស្ត្រចក្រាបរិស្ថាន និងយុទ្ធនាការនានារបស់ក្រសួងជាពិសេស «កម្ពុជាស្អាត ខ្មែរធ្វើបាន» ព្រមទាំងបន្តជំរុញវិធានការ៣កុំ ចំពោះសំណល់ «កុំបោះ កុំដុត និងកុំ កប់»សំណល់ប្លាស្ទិក។

គួរបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅខេត្តមណ្ឌលគីរី ធ្វើឡើងក្នុងគោលបំណង៖ ១- ពង្រឹងកិច្ចសហប្រតិបត្តការរវាងថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ២- ណែនាំអំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកមកលើបរិស្ថាន និងសុខភាពទៅដល់យុវជន និងភាគីពាក់ព័ន្ធ ដើម្បីសាលារៀនស្អាត និងភូមិស្អាត ៣- ពង្រឹងការអនុវត្តយុទ្ធនាការ សាលារៀនគ្មានសំណល់ប្លាស្ទិក ដោយមានការចូលរួមពីសិក្សានុសិស្សនៅក្នុងសាលា និងបន្តឥរិយាបថល្អរបស់សិស្សទៅដល់អ្នកភូមិ ឬសហគមន៍ និង៤-កែសម្អសកម្មភាពរបស់សាលាក្នុងការញែក និងកែច្នៃសំណល់៕









