ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកត្រាំកក់ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំត្រពាំងធំខាងត្បូង និងលោកស្រី ចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតិក្នុងពិធីឆ្លងមហាកុដិ និងសមិទ្ធិផលនានា ក្នុងវត្តផ្ចឹកជ្រំ ស្ថិតក្នុងភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានវត្តនាមចូលរួម ពីសំណាក់អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ ព្រមទាំងព្រះសង្ឃនិងប្រជាពលរដ្ឋប្រមាណ៨៧៥អង្គ/នាក់។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មានប្រសាសន៍ថា រូបលោកផ្ទាល់ក៏ដូចជាក្រុមការងារពិតមានសេចក្តីសប្បាយរីករាយ ជាមួយនឹងសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គី របស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាង ឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋយើង។
លោកឧត្តមសេនីយ៍ទោ បាបគូសបញ្ជាក់ថា យ៉ាងណាមិញសមិទ្ធផល ដែលកើតមានចំពោះមុខយើងនេះ មិនមែនកើតឡើងដោយឯងៗនោះទេ គឺដោយសារគុណបំណាច់នៃសន្តិភាព ទើបយើងអាចអភិវឌ្ឍបានសព្វបែបយ៉ាង។ យើងទាំងអស់គ្នា ត្រូវចង់ចាំ និងគោរពដឹងគុណជានិច្ច ចំពោះវីរភាពគំរូ និងបិតានយោបាយ ឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បាននាំមកនូវសន្តិភាព ជូនប្រជាជនកម្ពុជាទាំងមូល។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឆន្ទៈ ក្នុងការកសាងប្រទេស ឱ្យមានការអភិវឌ្ឍ និងរីកចម្រើន ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១។
បន្ថែមពីនោះ លោកមេបញ្ជាការ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែង របស់ព្រះចៅអធិការគ្រប់ជំនាន់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែលះបង់ពេលវេលា និងធនធាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងដោះស្រាយបញ្ហាផ្សេងៗ ពិសេសបានផ្តល់នូវជំនឿជឿជាក់ រួបរួមសាមគ្គី ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរ ក្នុងវិស័យព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងលោកស្រី ក៏បានចូលរួមបច្ច័យកសាងសមិទ្ធផល ក្នុងវត្តចំនួន១០លានរៀល, ប្រគេនស្លាដក និងបច្ច័យជូនព្រះសង្ឃ៧អង្គ ក្នុង១អង្គទទួលបានស្លាដក១ បច្ច័យ១០.០០០៛, តាជីយាយជី១០០នាក់ ទទួលបានក្នុងម្នាក់ៗ ក្រណាត់ស០១ដុំ និងថវិកា ១០.០០០៛, លោកគ្រូអ្នកគ្រូ ១៨នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២០.០០០៛, យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធិចំនួន៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០.០០០៛, សិស្សានុសិស្សចំនួន៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥.០០០៛ និងចំណាយផ្សេងៗ ក្នុងពិធីសរុបទាំងអស់ ១៧,៦៤០,០០០៛ ៕






















