ព័ត៌មានជាតិ

១១ថ្ងៃ មានពលរដ្ឋជាង ២សែននាក់ បានឈ្វេងយល់ពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

ភ្នំពេញ ៖ រយៈពេល១១ ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋទូទាំងប្រទេសជាង២សែននាក់ បានចូលរួមឈ្វេងយល់អំពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា ការឈ្វេងយល់នេះ ធ្វើឡើងតាមរយៈសកម្មភាពមន្រ្តីថ្នាក់ជាតិ និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបន្តចុះផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទូទាំងប្រទេសជាង៥ពាន់លើក។

អ្នកនាំពាក្យ បានមានប្រសាសន៍ថា គោលបំណងនៃការប្រឹងប្រែងផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺដើម្បីបំផុសចលនាឱ្យប្រជាពលរដ្ឋចូលរួម គាំទ្រគោលនយោបាយនេះឱ្យបានសកម្ម តាមរយៈសកម្មភាពវិជ្ជមានជាអាទិ៍ ការរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចនូវរឿងរ៉ាវក្នុងមូលដ្ឋាន ដែលជាតម្រុយបទល្មើស ឬសកម្មភាពល្មើសជាក់ស្ដែង ដូចជាការលក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងជាដើម។

គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ ៧យ៉ាង រួមមាន ១.ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿចិត្ត ២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រី និងកុមារ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៥.ដោះស្រាយវិវាទនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕

To Top