ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបដិសេធ ចំពោះការផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពខ្យល់ថា មានការប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ គឺជារឿងមិនពិត និងមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ ។
ការលើកឡើងរបស់លោកអ្នកនាំពាក្យនេះ បន្ទាប់ពីវិទ្យុបរទេសផ្សាយ ជាខេមរភាសា បានផ្សាយ តាមរយៈថតជាវិដេអូ ប្រមាណជា១នាទីថា “គុណភាពខ្យល់ នៅរាជធានីភ្នំពេញ ឈានដល់កម្រិតអាចប៉ះពាល់សុខភាព ។ ផ្សែងអ័ព្ទយ៉ាងក្រាស់បានគ្របដណ្ដប់ទីក្រុងភ្នំពេញ ខណៈគុណភាពខ្យល់ បានឈានដល់កម្រិតមិនល្អ ឬអាចធ្វើឱ្យប៉ះពាល់សុខភាព”។
លោក ខ្វៃ អាទិត្យា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៣ កុម្ភៈ ថា បានឆ្លើយតបថា នេះជាការផ្សព្វផ្សាយ ពុំមែនជាការពិត ធ្វើឡើងដោយការមើលឃើញ តាមខ្សែភ្នែកតាមរយៈការថតជាវិដេអូប៉ុណ្ណោះ ដោយគ្មានបានធ្វើឡើងតាមការងារ បច្ចេកទេសត្រឹមត្រូវនោះទេ ខុសពីក្រសួងព្រោះក្រសួងបាន តាមដានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ អំពីបញ្ហាអាកាសធាតុនេះ តាមរយៈឧបករណ៍ តាមដានខ្យល់ ដែលោបានដាក់ពង្រាយនៅទូទាំងប្រទេសចំនួន៥៦ឧបករណ៍ ។
លោកសង្កត់ធ្ងន់ថា “សូមបញ្ជាក់ថា ការផ្សាយរបស់គាត់ មិនបានឆ្លុះបញ្ចាំងការពិត ការងារបច្ចេកទេស គឺយើងធ្វើទៅតាមបែបបទ បទដ្ឋានជាតិ ហើយស្របទៅតាមបទដ្ឋានអន្តរជាតិ ។ ការត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជា គឺយើងធ្វើដោយផ្ទាល់ ជាមួយឧបករណ៍ចំនួន៥៦កន្លែង ដោយយើងបានដាក់ជាឧបករណ៍ និងស្ថានីយ៍ក្នុងមួយខេត្តយ៉ាង តិចក៏មាន២ដែរ” ។
ពាក់ព័ន្ធស្ថានភាពគុណភាព ខ្យល់នៅកម្ពុជានេះដែរ អ្នកនាំពាក្យបានឲ្យដឹងទៀត ចាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្យល់មានកំហាប់ ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៤.១០មីក្រូក្រាមក្នុងមួយម៉ែត្រគូប ធៀបនឹងស្តង់ដា៥០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។
ក្នុងនោះលោករៀបរាប់ពីលក្ខណៈពណ៌នៃខ្យល់ថា ពណ៌ខៀវគឺគុណភាពខ្យល់ល្អណាស់ មាននៅខេត្តស្វាយរៀង , ពណ៌បៃតង គឺគុណភាពខ្យល់ល្អ មាននៅខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ , ពណ៌លឿង គឺគុណភាពខ្យល់មធ្យម មាននៅខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តតាកែវ ខេត្តមណ្ឌលគីរី ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ , ពណ៌ទឹកក្រូច គឺគុណភាពខ្យល់បង្គួរ មាននៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ និងពណ៌ក្រហម គឺគុណភាពខ្យល់មានកម្រិតខ្ពស់ មាននៅខេត្តពោធិ៍សាត់៕