ព័ត៌មានជាតិ

ផ្លូវថ្មើរជើង ឬWalk Street នៅរាជធានីភ្នំពេញ ទទួលការគាំទ្រ ពីភ្ញៀវជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ និងកើនឡើងជាលំដាប់

ភ្នំពេញ ៖​ ផ្លូវថ្មើរជើង (walk street) ដែលបានបើកឱ្យដំណើរការសាកល្បង ក្នុងរយៈពេល២ថ្ងៃ (ថ្ងៃសៅរ៍-អាទិត្យ) កន្លងមក ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុង ខណ្ឌដូនពេញ ទទួលបានការគាំទ្រ ពីភ្ញៀវជាតិនិងអន្តរជាតិ មកដើរលេងកំសាន្តយ៉ាងច្រើនកុះករ ដោយចំនួនភ្ញៀវបានកើនឡើងជាលំដាប់។

យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្លូវថ្មើរជើង (walk street) ដែលបានបើកឱ្យដំណើរការសាកល្បង ក្នុងរយៈពេល២ថ្ងៃនេះ ឃើញថា មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ មកដើរលេងកំសាន្តច្រើន ។ បើប្រៀបធៀបនៅថ្ងៃទី១និងថ្ងៃទី២ នៃការបើកឱ្យដំណើរការសាកល្បងនេះ សំរាប់ថ្ងៃទី២ គឺមានបងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកំសាន្តច្រើនជាងថ្ងៃទី១។

លោកស្រី ដោ សម្ផស្ស គូសបញ្ជាក់ថា នេះបង្ហាញឱ្យឃើញពីសន្ទស្សន៍កើនឡើងហើយ ហើយសង្ឃឹមថា ក្រោយពីធ្វើការកែសម្រួល ជាបន្តបន្ទាប់ទៀត ដូចជាការរៀបចំស្តង់ម្ហូបអាហារ ការប្រគំតន្ត្រីសម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មជាដើមនោះ កំណើតប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ នឹងកើនឡើង ច្រើនជាងនេះទៀត។

លោកស្រីដោ សម្ផស្ស ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះភ្ញៀវជាតិនិងអន្តរជាតិពិសេសបងប្អូនប្រជាពលរដ្ឋ រស់នៅជាប់ទីតាំងនេះ បានចូលរួមគាំទ្រនិងសហការ ជាមួយអាជ្ញាធរបានយ៉ាងល្អ ដែលវានឹងធ្វើឱ្យគម្រោងបើកផ្លូវថ្មើរជើង (walk street)នេះ ទទួលបាននូវភាពជោគជ័យ។ ចំពោះប្រជាពលរដ្ឋ ដែលពួកគាត់ទៅដើរកំសាន្តនៅផ្លូវថ្មើរជើងនិយាយថា គម្រោងនេះល្អ ពួកគាត់គាំទ្រពេញទំហឹង។

គួរបញ្ជាក់ថា ការសាកល្បងផ្លូវថ្មើរជើង (Walk Street)នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទ តាមពេលវេលា និងម៉ោងដែលបានកំណង់ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕

To Top