ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ដែលរៀបចំឡើងនាពេលនេះ នឹងក្លាយយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយជំងឺដ៏កាចសាហាវនេះ នៅកម្ពុជា ។
នេះជាប្រសាសន៍របស់សាស្រ្តាចារ្យ ឈាង រ៉ា នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យអំពីសេចក្តីព្រាងផែនការ ជាតិប្រយុទ្ធនឹងជំងឺមហារីក នាថ្ងៃ៣១ មករា ។
ក្នុងឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងបានវាយតម្លៃ ដល់ថ្នាក់ដឹកនាំទទួលបន្ទុករៀបចំសេចក្តីព្រាង ផែនការប្រយុទ្ធនឹងជំងឺមហារីក ដែលបានរៀបចំបានល្អគ្រប់ទិដ្ឋភាព។ ផែនការនេះ នឹងក្លាយជាផែនការយុទ្ធសាស្រ្តមួយ ជួយកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយជំងឺមហារីកនៅកម្ពុជា។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាធាតុចូលបន្ថែម ដល់ថ្នាក់ដឹកនាំទទួលបន្ទុក ដើម្បីបានជាមូលដ្ឋានគ្រឹះដាក់បញ្ចូលក្នុងសេចក្តីព្រាង ផែនការជាតិនេះ ១) សូមរៀបចំផែនការនេះឱ្យក្លាយជាគ្រឹះមួយដ៏រឹងមាំ និងមានសារៈសំខាន់ ក្នុងការចូលរួមប្រយុទ្ធទប់ស្កាត់នឹងជំងឺមហារីក ស្របតាមស្ថានភាពនៅកម្ពុជា , ២) ក្នុងផែនការត្រូវរំលេចឱ្យបានច្បាស់ ដូចជាកត្តាធនធានមនុស្ស និងហិរញ្ញវត្ថុ សមស្របទៅតាមស្ថានភាពជាក់ស្តែង , ៣) ត្រូវបង្ហាញពីចំនុចសំខាន់ៗ នៃផែនការយុទ្ធសាស្រ្តនេះ ដើម្បីទាញចាប់អារម្មណ៍ ឱ្យមានការចូលរួម ដូចជាអប់រំផ្សព្វផ្សាយសុខភាព ការធ្វើលំហាត់ប្រាណ និងជាពិសេសកាត់ បន្ថយការពិសាគ្រឿងស្រវឹង , និង៤) សូមកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ អន្តរជាតិ ពីបណ្តាប្រទេសជឿនលឿន ជាពិសេសអ្នកជំនាញខាងជំងឺមហារីក ។
ជាទីបញ្ចប់ សាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈផែនការជាតិនេះនឹងបង្កើនសមត្ថភាព ធ្វើនវានុវត្តន៍ក្នុងការព្យាបាល និងកាត់បន្ថយអត្រាឈឺដោយជំងឺមហារីក ដែលនឹងឆ្លុះបញ្ចាំងជាក់ស្តែង ពីការយកចិត្តទុកដាក់បញ្ហាសុខភាពសាធារណៈ ជាពិសេសជំងឺមិនឆ្លងនៅកម្ពុជា៕