ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និង បណ្តាខេត្តមួយចំនួន ក្នុងជំហានទី១ សម្រាប់ឆ្នាំ២០២៥ ចាប់ពីខែកុម្ភៈ នេះតទៅ។ នេះបើតាមការបញ្ជាក់ របស់លោកកត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
បើតាមលោករដ្ឋលេខាធិការ បេសកកម្មនេះ មានគោលបំណងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលគ្រប់កម្រិត ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ១,៥ លាននាក់ ដើម្បីប្រមូលព័ត៌មាន ទាក់ទងនឹងការរៀបចំដំណើរ បណ្តុះបណ្តាលការប្រឈម និងសំណូមពររបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។
លោករដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមសកម្មភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំ ក្នុងនោះក៏មានការជួបប្រជុំជាមួយ នាយក នាយិកា នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ជួបប្រជុំជាមួយគណៈគ្រប់គ្រងគ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្រ្តីរាជការ, និងចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញគ្រឹះស្ថាននីមួយៗផងដែរ ។
ការចុះបេសកកម្ម របស់ថ្នាក់ដឹកនាំនៅ តាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅជំហានទី១ នេះដែរ លោករដ្ឋលេខាធិការ បញ្ជាក់ថានេះជាសកម្មភាពមួយទៀត ក្នុងការយកចិត្តទុកដាក់ ពង្រីកការបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពោលនាពេលកន្លងមក លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានចុះ និងចាត់តាំងថ្នាក់ដឹកនាំ របស់ក្រសួងចុះសួរសុខទុក្ខ និងសំណេះសំណាល ពិសារបាយជាមួយបងប្អូនកម្មករ និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស ផងដែរ ៕