ព័ត៌មានជាតិ

កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញារួមគ្នាប្រឆាំង​ នឹងការបំពុលបរិយាកាស ដោយសំណល់ប្លាស្ទិក ក្នុងក្របខណ្ឌអាស៊ាន

ភ្នំពេញ ៖ កម្ពុជា និងម៉ាឡេស៊ីបានលើកឡើង ពីកិច្ចសហប្រតិបត្តិការ ជាមួយគ្នាប្រយុទ្ធប្រឆាំង នឹងការបំពុលបរិយាកាស ដោយសំណល់ប្លាស្ទិក។ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ បានធ្វើឡើង នៅក្នុងឱកាសជំនួបរវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ONN Shaharuddin ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះប្រទេសម៉ាឡេស៊ី និងប្រជាពលរដ្ឋ ម៉ាឡេស៊ីទាំងអស់ ដែលបានយកចិត្តទុកដាក់រួមគ្នា សំអាតនូវប្រភពបំពុលទៅក្នុងបរិយាកាស សម្រាប់តំបន់និងសម្រាប់មនុស្សជាតិ។

លោករដ្ឋមន្រ្តី បានជំរុញឱ្យការឆ្លើយតបនឹង ការប្រែប្រួល អាកាសធាតុសកល តាមរយៈ ការកាត់បន្ថយ ការប្រើប្រាស់ ថង់ប្លាស្ទិក និងការទប់ស្កាត់ ការបង្ហូរសំរាមប្លាស្ទិកទៅក្នុងទឹក និងនៅលើដី រួមទាំងក្នុងបរិយាកាស។ នៅក្នុងនោះ គឺសំរាមប្លាស្ទិកនេះឯង ហើយសកម្មភាពរួមគ្នា របស់ប្រទេស ទាំង២ នឹងធ្វើឱ្យតំបន់អាស៊ានរបស់យើងមានភាពស្អាត មានសោភ័ណភាព លើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយនូវជំងឺដង្កាត់នានា ជាពិសេស ទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកកម្សាន្ត នៅតាម របៀងទេសចរណ៍ ផ្សារភ្ជាប់ពីប្រទេសមួយ ទៅប្រទេសមួយទៀតនៅក្នុងតំបន់។

ស្របនឹងការថ្លែងឡើងនេះ លោក ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានគាំទ្រនឹងរួមចំណែកជាមួយកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីលើកកម្ពស់ វិស័យបរិស្ថាន ឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង ដោយចីរភាព នៅក្នុងតំបន់៕

To Top