ព័ត៌មានជាតិ

អនុប្រធានទី១ រដ្ឋសភាប្រទេសហុងគ្រី នឹងមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល ៥ថ្ងៃ

ភ្នំពេញ៖ អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល ៥ថ្ងៃ។

យោងតាមសេចក្តីជូនដំណឹងស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ លោកស្រី ម៉ាតា ម៉ាត្រៃ អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី នៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣ខែកុម្ភៈ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានលើកឡើងថា តបតាមការ អញ្ជើញរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីម៉ាតា ម៉ាត្រៃ និងគណៈប្រតិភូ មានគម្រោង អញ្ជើញជួបសម្តែង ការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា និងអញ្ជើញមានជំនួបចរចាទ្វេភាគីជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបពិភាក្សាការងារជាមួយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាផងដែរ។

ក្រៅពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ហើយនោះ លោកស្រី ម៉ាតា ម៉ាត្រៃ និងគណៈប្រតិភូ ក៏មានគម្រោងធ្វើទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយ ចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មានដូចជា៖
ទស្សនាព្រះបរមរាជវាំង ជិះទូកតាមដងទន្លេមេគង្គ និងអញ្ជើញទៅទស្សនាប្រាសាទបុរាណនានា នៅក្នុងខេត្ត សៀមរាប៕

To Top