ភ្នំពេញ៖ ប្រធានសមាគមអភិវឌ្ឃន៍ជីវភាពពលរដ្ឋកម្ពុជាលោក ព្រុំ ប៊ុនថន បានសម្ដែងនូវការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ដោយសារតែមានការគំរាមកំហែងពីសំណាក់ស្មៀនឃុំត្រពាំងស្ដៅលោក នង ម៉ូវ ដោយស្មៀនឃុំរូបនេះ បានគំរាមដាក់ពាក្យបណ្ដឹង និងស្វែងរកទីតាំងរស់នៅរបស់លោក ព្រុំ ប៊ុនថន ដោយគេមិនដឹងថា ស្មៀនឃុំរូបនេះ មានគោលបំណងអ្វីឲ្យពិតប្រាកដនោះទេ។
ស្មៀនឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្ដស្វាយរៀងលោក នង ម៉ូវ ដែលត្រូវបានគេស្គាល់ថា ជាអ្នកមានអំណាចក្នុងសាលាឃុំត្រពាំងស្ដៅ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាឲ្យមេភូមិស្វាយទន្ទឹម ទូរស័ព្ទមកកាន់លោក ព្រុំ ប៊ុនថន ដោយគំរាមថា ស្មៀនឃុំរូបនេះ កំពុងរៀបចំពាក្យបណ្ដឹង ហើយបានបន្ដទៅគំរាមម្ដាយរបស់លោក ឲ្យផ្ដល់ទីតាំងរស់នៅពិតប្រាកដ ដោយមិនដឹងថា មានគោលបំណងអ្វីឲ្យពិតប្រាកដនោះទេ។
បើទោះជាយ៉ាងណា លោក ព្រុំ ប៊ុនថន យល់ឃើញថា នេះជាសារគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក “ សម្រាប់ខ្ញុំ ខ្ញុំមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំ និងប្រភពពាក់ព័ន្ធមួយចំនួនទៀត ដែលព្យាយាមផ្ដល់ព័ត៌មានពិតប្រាកដមកឲ្យខ្ញុំ ពាក់ព័ន្ធនឹងភាពអយុត្ដិធម៌នៅក្នុងមូលដ្ឋានឃុំត្រពាំងស្ដៅ។ ជុំវិញករណីនេះ ខ្ញុំជំរុញឲ្យក្រសួងមហាផ្ទៃ ពិចារណាដាក់ការស៊ើបអង្កេតលើស្មៀនឃុំត្រពាំងស្ដៅលោក នង ម៉ូវ ដើម្បីផ្ដល់យុត្ដិធម៌ដល់រូបខ្ញុំ និងប្រជាពលរដ្ឋរងគ្រោះផ្សេងទៀត”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោកព្រុំ ប៊ុនថន ត្រូវបានអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស៊ីញ៉េ បោះត្រាអនុញ្ញាតទទួលស្គាល់ដីលំនៅដ្ឋាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្ដស្វាយរៀង ថាពិតជាដីកម្មសិទ្ធរបស់លោកពិតប្រាកដមែន ហើយបានឱ្យលោករៀបចំនីតិវិធីធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ផងដែរ។
រយៈពេល ១សប្តាហ៍ក្រោយមក ស្មៀនឃុំត្រពាំងស្ដៅលោក នង ម៉ូវ បានទៅហាមឃាត់មន្រ្តីសូរិយោដី មិនឱ្យធ្វើប្លង់ ឬបញ្ជួនឯកសារទៅថ្នាក់លើដោយសំអាងថា ដីនោះជាកម្មសិទ្ធរបស់ឃុំ និងប្រើឈ្មោះស្ថាប័នសាលាស្រុករមាសហែក អ្នកបញ្ជាឱ្យមកហាមឃាត់។
ជុំវិញករណីនេះលោកព្រុំ ប៊ុនថន ចាត់ទុកថា ជាទង្វើប្រព្រឹត្តដោយលោក នង ម៉ូវ ស្មៀនឃុំត្រពាំងស្ដៅតែម្តង មិនត្រឹមតែរូបលោកម្នាក់ប៉ុណ្ណោះទេ ដែលរងគ្រោះដោយការរំលោភបំពានបែបនេះ ក៍មានពលរដ្ឋផ្សេងទៀត ដែលរងគ្រោះដូចរូបលោកផងដែរ គ្រាន់តែពលរដ្ឋមិនហ៊ានចេញមុខ តវ៉ា ប្រឆាំងនឹងស្មៀនឃុំរូបនេះ ដោយសារតែលោក នង ម៉ូវ មានឥទ្ធិពលខ្លាំងនៅក្នុងសាលាឃុំត្រពាំងស្ដៅ។
ប្រធានសមាគមរូបនេះ បន្តថា លោកនឹងបង្ហាញឯកសារ ឬភស្តុតាងបន្ថែមទៀតពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់លោក។ នៅក្នុងនោះដែរ លោកស្នើសុំឱ្យរដ្ឋបាលខេត្តស្វាយរៀង ពិចារណាបើកការស៊ើបអង្កេតដោយតម្លាភាព និងជៀសវាងការចេញសេចក្តីប្រកាសការពារមន្រ្តីខិលខូច ដែលធ្វើឱ្យប៉ះពាល់មុខមាត់ខេត្ត ៕