ភ្នំពេញ៖ ក្នុងកិច្ចជំនួបការទូតថ្មីៗនេះរវាង លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីដែលទើបបានទទួលការតែងតាំង និងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ប្រទេសទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ចំពោះនិរន្តរភាពបរិស្ថាន ដោយផ្តោតជាពិសេសលើកិច្ចព្រមព្រៀងអាស៊ានបៃតង និងបច្ចេកវិទ្យាបណ្តុះកូនឈើ។
ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមបរិស្ថាន ពិសេសរបស់កម្ពុជាទៅលើភាពស្អាត ភាពបៃតង និងចីរភាព រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការ អភិរក្សចំនួនសត្វផ្សោតទឹកសាប និងបំណងស្នើសុំដាក់ដែនជម្រកសត្វផ្សោត ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះគោលនយោបាយបរិស្ថានរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ម៉ាឡេស៊ី ក្នុងការសហការបន្ថែមទៀត។
កិច្ចសន្ទនាក៏បានផ្តោតជាពិសេសលើ កិច្ចព្រមព្រៀងអាស៊ានបៃតង – ASEAN Green Deal ដែលផ្តួចផ្តើមដោយកម្ពុជាក្នុងឆ្នាំ២០២២។ ភាគីទាំងពីរបានទទួលស្គាល់សារៈសំខាន់ នៃការពង្រីកគំនិតផ្តួចផ្តើមទាំងនេះ និងបានបង្ហាញពីក្តីប្រាថ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ។
លោករដ្ឋមន្ត្រី បានស្នើឱ្យផ្តោតលើការដាំព្រៃឡើងវិញ និងការអភិវឌ្ឍប្រភេទដើមឈើដែលមានភាពធន់ តាមរយៈបច្ចេកវិទ្យាទំនើបក្នុងការថែទាំ និងបណ្តុះកូនឈើប្រើប្រាស់ជាលិកា (Tissue Culture Technologies) ។
លោករដ្ឋមន្ត្រី បានថ្លែងថា “គោលដៅរបស់យើងគឺធ្វើឱ្យកម្ពុជាកាន់តែមានភាពបៃតង តាមរយៈការដាំស្តារព្រៃឡើងវិញនៅតំបន់ ដែលរងផលប៉ះពាល់ដោយការកាប់ឈើខុសច្បាប់ និងភ្លើងឆេះព្រៃ”។ “តាមរយៈការសហការជាមួយម៉ាឡេស៊ី យើងមានគោលបំណងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ពួកគាត់ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍លើការដាំដើមឈើ ដោយផ្តោតលើប្រភេទដែលធន់នឹងការប្រែប្រួលអាកាសធាតុ”។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានគាំទ្រសំណើនេះ ដោយគូសបញ្ជាក់ពីការចូលរួម របស់ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីនៅកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (Corporate Social Responsibility:CSR) លើសកម្មភាពដាំដើមឈើ និងសកម្មភាពសម្អាតទន្លេជាដើម។ កំឡុងពេលដែលម៉ាឡេស៊ីកាន់តំណែងជា ប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ ប្រទេសទាំងពីរចាត់ទុកកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលផ្តោតលើវិស័យបរិស្ថាន។
លោក ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ី ក្នុងការចែករំលែកជំនាញ និងធនធានដើម្បីគាំទ្រគោលដៅបរិស្ថានរបស់កម្ពុជា។ កិច្ចជំនួបនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ដោយសង្កត់ធ្ងន់លើតម្លៃបរិស្ថានរួមគ្នា និងសកម្មភាពរួមគ្នានៅក្នុងសហគមន៍អាស៊ាន៕