ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប. ស្តីពី លទ្ធផលនៃកិច្ចប្រជុំ​របស់គណៈកម្មាធិការជាតិ​ រៀបចំការបោះឆ្នោត សម្រាប់ថ្ងៃទី៤កុម្ភៈ

ភ្នំពេញ៖​ នាព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការ-ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ផែនការតម្រូវការធនធានមនុស្ស និងប្រតិទិននៃការជ្រើសរើស ការតែងតាំង និងការបណ្តុះបណ្តាលមន្ត្រី បុគ្គលិក សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ និងឯកសារពាក់ព័ន្ធ នឹងការប្រកាសផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារ តាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗ រួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួន និងបានសម្រេចដូចខាងក្រោម៖
១. ឯកភាពលើកំណត់ហេតុអង្គប្រជុំ គ.ជ.ប កាលពីថ្ងៃទី៥ និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
២. ឯកភាពលើកំណត់ហេតុអង្គប្រជុំ គ.ជ.ប កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៩
ខែមករា ឆ្នាំ២០២៥។

៣. របៀបវារៈទី៣៖ បន្ទាប់ពីអង្គប្រជុំ គ.ជ.ប បានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចលើផែនការ តម្រូវការធនធានមនុស្ស និងប្រតិទិននៃការជ្រើសរើស ការតែងតាំង និងការបណ្តុះបណ្តាលមន្ត្រី បុគ្គលិក សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា រយៈពេលខ្លីសរុបចំនួន ៦.៥២៣នាក់ រួមមាន មន្ត្រីបម្រើការនៅទីស្តីការ គ.ជ.ប បម្រើការនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ និងបម្រើការងារជាក្រុមចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ចំនួន ១.៦៥២ ឃុំ សង្កាត់។

៤. របៀបវារៈទី៤៖ បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញស្តីពី ការត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងគ្មានពាក្យបណ្តឹងពាក់ព័ន្ធ នឹងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារទាំងនោះ ហើយបានសម្រេចលើឯកសារ ដូចខាងក្រោម៖

  • របាយការណ៍ស្តីពី ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។
    •​ សេចក្តីសម្រេចស្តីពី ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដោយមានភ្ជាប់ជាមួយតារាងលទ្ធផលសំឡេងឆ្នោតផ្លូវការ។
  • សេចក្តីសម្រេចស្តីពី ការកំណត់បែងចែកអាសនៈ សម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។
  • សេចក្តីសម្រេចស្តីពី ការប្រកាសបេក្ខជនជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាក្នុងការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ដែលមានរាយនាម ក្នុងទម្រង់បែបបទលេខ ១១១៨ស ភ្ជាប់ជាមួយសេចក្តីសម្រេចនេះ។ បេក្ខជនដែលបានជាប់ឆ្នោតមានមកពី គណបក្សប្រជាជនកម្ពុជា និង គណបក្ស កម្លាំងជាតិ។

យោងតាមប្រតិទិននៃការបោះឆ្នោត គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយលទ្ធផលផ្លូវការ​ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និង គ.ជ.ប។
ជាចុងក្រោយនៃកិច្ចប្រជុំ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំឱ្យមន្ត្រី គ.ជ.ប ទាំងអស់ប្រើប្រាស់បន្ថែមទៀតនូវប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងការទំនាក់ទំនងគ្នាគឺប្រើ CoolApp។

អង្គប្រជុំ គ.ជ.ប ត្រូវបានប្រកាសបិទបញ្ចប់ដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ៩:៥០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

To Top