ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ស្នើឱ្យបញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានស្នើដល់សាធារណជន បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ក្នុងតំបន់រមណីយដ្ឋានអង្គរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៤ កុម្ភៈ នេះថា ក្នុងរយៈកាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់។

បច្ចុប្បន្ន តាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកា ជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្ដើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាម ទៅលើមនុស្សជាដើម។

ក្នុងគោលដៅដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញនានា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបជាដើម បានប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់នានា នាពេលខាងមុខ។

មួយវិញទៀត នាពេលកន្លងមក ទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើ បានចេញជាសេចក្តីប្រកាសព័ត៌មានអំពីបញ្ហានេះ អមដោយ ការអំពាវនាវជាសាធារណៈ ស្នើសាធារណជនទាំងអស់ មេត្តានៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ជាដើម។

ជាថ្មីម្តងទៀត អាជ្ញាធរជាតិអប្សរា បានស្នើសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ និងប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ មេត្តាជួយផ្សព្វផ្សាយនូវខ្លឹមសារនេះ ក៏ដូចជាណែនាំ និងបញ្ឈប់នូវសកម្មភាពណាមួយ ដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយសត្វស្វាជាយថាហេតុ។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា នឹងបន្តកិច្ចសហការជាមួយផ្នែកជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកដំណោះស្រាយសមរម្យ ក្នុងការបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងឧទ្យានអង្គរ ដែលបង្កឡើងដោយសត្វស្វា៕

To Top