
កំពង់ធំ: លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានសំណេះសំណាលមន្ត្រីរាជការ និងដឹកនាំកិច្ច ប្រជុំប្រចាំខែមករា លើកទិសដៅខែ បន្ទាប់ឆ្នាំ២០២៥ ដើម្បីឱ្យមន្ទីរព័ត៌មាន ទទួលបានភាពជោគជ័យ ក្នុងវិស័យព័ត៌មាន នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរ ព័ត៌មានខេត្តកំពង់ធំ។

លោកស្រីប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ធំ បានលើកយករបៀបវារៈប្រជុំ ដែលមានខ្លឹមសារដូចតទៅ÷ ១.ការពង្រឹងវិន័យ នៅក្នុងអង្គភាព ។ ២.ការគ្រប់គ្រងការងារ។ ៣.ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ព័ត៌មាន និងសោទស្សន៍ ឆ្នាំ២០២៤-២០២៨។ ៤.បញ្ហាផ្សេងៗ
ថ្លែងនៅក្នុងឱកាសនេះ លោកស្រី ង៉ែត ណារីន បានបញ្ជាក់ថាដើម្បីបង្កើន ប្រសិទ្ធភាពក្នុងការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) បច្ចុប្បន្នចាប់ពីឆ្នាំ២០២៤ ដល់២០២៨ ក្នុងក្របខ័ណ្ឌនៃទស្សនវិស័យនេះ និងផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ។ ទន្ទឹមនឹងនេះការកំណត់ យកអាទិភាពគន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតប ទៅនឹងបដិវត្តឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាព សេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០។
លោកស្រីប្រធាន បានដាក់ចេញនូវអាទិភាពចំនួន៥ ដើម្បីឱ្យដំណើរការការងារឱ្យមានប្រសិទ្ធភាពក្នុង ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដូចខាងក្រោម៖ ១.ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប។ ២.ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ។ ៣.ការអភិវឌ្ឍធនធានមនុស្សនិងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ។ ៤.ការរៀបចំប្រព័ន្ធនិងយន្តការគ្រប់គ្រងលំហព័ត៌មាន។ ៥. ការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។
លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ធំ បានលើកយកខ្លឹមសារ ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន ដល់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ និងបានផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ចូលរួមធ្វើផែនការសកម្មភាពប្រចាំខែ ប្រចាំឆ្នាំនៅតាមការិយាល័យនីមួយៗឱ្យបានគ្រប់ៗគ្នា ត្រូវតែដាក់នូវបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ឱ្យត្រូវទៅនឹងគោលដៅ ដែលការិយាល័យនីមួយៗចង់បាន ។ សម្រាប់ព័ត៌មានដែលបានផលិត និងផ្សព្វផ្សាយរួចរាល់អស់ ហើយសូមជួយស៊ែរ និងឡាចឱ្យបានលឿនបំផុត ដើម្បីឱ្យព័ត៌មានទាំងអស់ ទទួលបានជោគជ័យ ។ ខិតខំអនុវត្តការងារបន្ថែមទៀត នៅក្នុងអង្គភាព ឱ្យមានការរីកចម្រើន និងការទទួលខុសត្រូវខ្ពស់ ទៅលើការងាររបស់ខ្លួន ៕ ដោយសំនៀង
