ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបាឋកថា ស្តីពី «ការធ្វើយ៉ាងណា ដើម្បីឱ្យអង្គភាពរបស់យើងអភិវឌ្ឍន៍ ជឿនលឿន»

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៤ កុម្ភៈបានបន្តធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ ស្តីពី «ការធ្វើយ៉ាងណា ដើម្បីឱ្យអង្គភាពរបស់យើងអភិវឌ្ឍជឿនលឿន» ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន៤០៥៨នាក់។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និង អនុញ្ញាតឱ្យសិក្ខាកាម មានមតិលើកជាសំនួរ ឬសំណូមពរ ដែលបានជួបប្រទះកំឡុង ពេលអនុវត្តការងារកន្លងមក សម្រាប់លើកយកមកពិភាក្សា ក៏ដូចជាការប្រមូលធាតុចូល សម្រាប់ផ្តល់ជូនឯកឧត្តមសាស្រ្តាចារ្យ ងាយស្រួលក្នុងការតម្រង់ទិស ឱ្យត្រឹមត្រូវ តាមរយៈការលើកយកប្រធានបទ ក្នុងការធ្វើបឋកថា ។

ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកចំណុចសំខាន់ៗ ចំនួន៧ ដែលមានភាពចាំបាច់ក្នុងការអភិវឌ្ឍន៍អង្គភាព ឱ្យមានភាពជឿនលឿនរួមមាន ៖ សិក្សាស្វែងពីស្ថានភាពពិតរបស់អង្គភាព មន្រ្តីគ្រប់កំរិត និងធនធានឱ្យបានច្បាស់លាស់ , ស្វែងរកចំណេះជំនាញសម្រាប់ដោះស្រាយបញ្ហា ឬឧបសគ្គដែលជួបប្រទះ , កំណត់ចក្ខុវិស័យ និងវប្បធម៌ការងារដោយឈរលើមូលដ្ឋានសមូហភាព (ក្រុមការងារ) សម្រេចហើយបុគ្គលយកទៅអនុវត្ត ដោយទទួលការខុសត្រូវ , ធ្វើការដឹកនាំអង្គភាពដោយមានភាពជាម្ចាស់ , មានវិធីសាស្រ្តក្នុងការកសាងគុណភាពបុគ្គលិក លើជំនាញបច្ចេកទេស និងលើគុណធម៌នៃការផ្តល់សេវា , បង្កើតយន្តរការវាស់វែងកំរិត នវានុវត្តន៍ និងសមិទ្ធផលការងារ និង ការលើកទឹកចិត្តសមស្រប និងរៀបចំកម្មវីធីលើកកំពស់សុខមាលភាព សម្រាប់បុគ្គលិក តាមរយៈការស្វែងយល់ទុក្ខលំបាក របស់បុគ្គលិក៕

To Top