ព័ត៌មានជាតិ

ក្រសួងការងារ និងក្រសួងសុខាភិបាល បើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន

កណ្តាល៖ នាថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញចូលរួមពី លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អាជ្ញាធរមូលដ្ឋានខេត្ត, មន្ទីរជុំវិញខេត្ត, អង្គការដៃគូ, តំណាងសមាគមនិយោជក, តំណាងសហជីព និងបងប្អូនកម្មករនិយោជិតនៃរោងចក្រ បូវឃើរ ហ្វេកធើរី​ ។

យុទ្ធនាការនេះ រៀបចំឡើងក្រោមកិច្ចសហការ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ក្នុងគោលបំណង ដើម្បីរួមចំណែកក្នុងការ ទប់ស្កាត់ជំងឺមិនឆ្លង បង្កើនការយល់ដឹង សកម្មភាពអប់រំសុខភាព ធានាឱ្យនូវសុខុមាលភាពរបស់បងប្អូនកម្មករ និយោជិត និងសាធារណជន អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង ដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបថរបស់បុគ្គលផ្ទាល់ គ្រួសារ សហគមន៍ ប្រកបដោយសុខភាព និងសុខុមាលភាព។

លោក ហេង សួរ បានគូសបញ្ជាក់ថា យុទ្ធនាការនេះ មានគោលបំណងចូលរួមចំណែកក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឱ្យបាននូវសុខុមាលភាព របស់កម្មករនិយោជិត។ ជាមួយគ្នានេះ យុទ្ធនាការនេះក៏នឹងរួមចំណែកក្នុងការអនុវត្តសកម្មភាព ដែលមានកំណត់នៅក្នុងផែនការ យុទ្ធសាស្ត្រជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងឆ្នាំ២០២២-២០៣០ និងការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ផងដែរ។

លោក ហេង សួរ បានថ្លែង បញ្ជាក់ថា សុខភាព សុខទុក្ខ សិទ្ធិសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ផលប្រយោជន៍ និងការបង្កើនប្រាក់ចំណូល របស់បងប្អូនកម្មករនិយោជិត គឺជាកិច្ចការអាទិភាព និងជាក្តីបារម្ភរបស់រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ទន្ទឹមនេះ ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្នុងការចុះផ្សព្វផ្សាយ ណែនាំ និងក្រើនរំលឹកដល់បងប្អូនជានិច្ច។ ជាក់ស្តែង ក្រសួងបានជំរុញកម្មវិធីអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន រួមទាំងការបង្ការជំងឺឆ្លង និងមិនឆ្លង, ការបោះពុម្ពសារអប់រំ របស់ក្រសួងសុខាភិបាល ដូចជា សារ៖ «តិចខ្លាញ់ តិចអំបិល តិចស្ករ សារគ្រឿងស្រវឹង សារថ្នាំជក់ និងសារសកម្មភាពរាងកាយ», ការចេញសេចក្តីជូនដំណឹង និងសេចក្តីណែនាំនានាពាក់ព័ន្ធ នឹងការលើកកម្ពស់សុខុមាលភាព របស់កម្មករនិយោជិត, និងកំពុងបន្តពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ តាមរយៈយន្តការអធិការកិច្ចការងារ និងបានជំរុញគ្រូពេទ្យសហគ្រាស ដើម្បីធ្វើការឃ្លាំមើលស្ថានភាពសុខភាពការងាររបស់កម្មករ និយោជិត និងអប់រំផ្សព្វផ្សាយអំពីជំងឺឆ្លង និងជំងឺមិនឆ្លងនៅកន្លែងធ្វើការ ជាដើម ។
លោក ហេង សួរ ក៏បានស្នើដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់៖
(១) បន្តយកចិត្តទុកដាក់ក្នុង ការផ្សព្វផ្សាយ អំពីការបង្ការជំងឺមិនឆ្លងនេះនៅតាមសហគ្រាស គ្រឹះស្ថានឱ្យបានទូលំទូលាយ ដើម្បីចូលរួមលើកកម្ពស់ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ ។
(២) រៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹង អំពីសារអប់រំពាក់ព័ន្ធនឹងវិធានការបង្ការ និងប្រយុទ្ធនឹងជំងឺ មិនឆ្លងដល់កម្មករនិយោជិត តាមរយៈការបណ្តុះបណ្តាល និង ការចាក់ផ្សាយសារសំឡេង វីដេអូអប់រំ និងធ្វើការបិតផ្ទាំងផ្សព្វផ្សាយ ពាក់ព័ន្ធនឹងវិធានការបង្ការ ជំងឺមិនឆ្លងនៅក្នុងសហគ្រាស គ្រឹះស្ថាន។
(៣) ចាត់វិធានការឃ្លាំមើលស្ថានភាពសុខភាព របស់កម្មករនិយោជិត ដោយផ្ដល់ព័ត៌មាន ឬឱ្យដំបូន្មានដល់កម្មករ និយោជិតពាក់ព័ន្ធនឹង សុខុមាលភាពរបស់ពួកគាត់ ។
(៤) បងប្អូនកម្មករនិយោជិត ត្រូវចូលរួមផ្លាស់ប្តូរទម្លាប់ និងត្រូវប្រកាន់យកការណែនាំទាំងអស់ឱ្យបានខ្ជាប់ខ្ជួន និងទៀងទាត់ពីព្រោះ បើទោះបីជាខាងក្រសួងរបស់យើងទាំងពីរខិតខំ ផ្សព្វផ្សាយបែបណា តាមបដា រូបភាពផ្ទាំងធំ សន្លឹកបត់ ជើងបញ្ឈរ Facebook និង Tik Tok ក៏ដោយ ចុងក្រោយគឺមានតែបងប្អូនទេ ដែលជាអ្នកអនុវត្តផ្ទាល់ ៕

To Top