ភ្នំពេញ៖ ក្នុងឱកាសទទួលជួប ក្រុមយុវជននៃអង្គការខ្មែរថាវរៈ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីតួនាទីរបស់សកម្មជនអ្នកស្រឡាញ់បរិស្ថាន ចូលរួមផ្សព្វផ្សាយការងារវិស័យបរិស្ថាន ជាពិសេសការរួមចំណែកនៅក្នុងភាពស្អាត ភាពបៃតង និងចីរភាពរបស់កម្ពុជា។
ការបង្ហាញនូវតម្លាភាពការងារបរិស្ថាន របស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺជាដើមចមជំរុញឱ្យសកម្មជន អ្នកស្រឡាញ់បរិស្ថាន បានស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាត បៃតង សំដៅដល់ការរួមគ្នាសំអាតសំរាម សំណល់ប្លាស្ទិកនៅក្នុងទឹក លើគោក ក្នុងខ្យល់អាកាស និងការការពារគម្របព្រៃឈើ ដែលមានក្រមបរិស្ថាននិងធនធានធម្មជាតិ ជាគោលក្នុងការអនុវត្ត។
លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានកំពុងជំរុញការបណ្តុះកូនឈើ និងដាំស្តារព្រៃ ឱ្យបានច្រើន ក៏ជាផ្នែកមួយធ្វើឱ្យគម្របព្រៃរីកសាយភាយកាន់តែធំ និងក្រាស់ជាងមុន ដើម្បីជំរុញ និងលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ តាមរយៈគោលដៅលំហែបៃតង ដែលប្តូរពីការប្រកបរបរតាមទំលាប់ចូលព្រៃ ងាកមកប្រកបអាជីវកម្មខ្នាតតូចនៅក្នុងសហគមន៍ និងពង្រឹងឱ្យពួកគាត់ក្លាយជាសហគ្រិនភាព។
លោក បានសង្កត់ធ្ងន់ថា កាណាប្រជាពលរដ្ឋក្លាយជាម្ចាស់គម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង ដែលទាំងនេះជាប្រភពចំណូលដ៏សំខាន់ និងមានភាពយូរអង្វែងសម្រាប់ប្រជាសហគមន៍មូលដ្ឋាន នៅតាមរបៀងទេសចរណ៍ ដែលផ្សារភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ហើយកម្ពុជានឹងមានភាពស្អាត មានភាពបៃតង សម្រាប់ជាមរតករបស់មនុស្សគ្រប់ជំនាន់។
ស្របនឹងការថ្លែងឡើងរបស់ លោករដ្ឋមន្រ្តី ក្រុមសកម្មជនអ្នកស្រឡាញ់បរិស្ថាន បានសំដែងការស្ម័គ្រចិត្តឥតងាករេ ក្នុងការរួមចំណែកការងារផ្សព្វផ្សាយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញស្របជាមួយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន និងបង្ហាញការពិតនៃការគិតគូយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីជិវភាព សុខភាព និងការរស់នៅដោយចីរភាពរបស់ប្រជាសហគមន៍ និងទប់ស្កាត់ការបោកបញ្ឆោតរបស់ក្រុមទុច្ចរិតមួយចំនួន ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំភាន់ការពិត ជាដើម៕