ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណអ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យឆេះក្លិប មីត ណាយ ព្រីមៀរ ជិតស្តុបឫស្សីផ្អែម ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ៥ កុម្ភៈនេះ។
បើតាមលោក សំ វិច្ឆិកា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាល្ងាចថ្ងៃ៥ កុម្ភៈថា “ទាំងអ្នករងរបួស និងអ្នកស្លាប់យើងកំពុងបន្តរកអត្តសញ្ញាណអ្នកស្លាប់ និងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យ”។
សម្រាប់អ្នកស្លាប់ក្នុងគ្រោះអគ្គិភ័យនេះបើតាមលោក សំ វិច្ឆិកា ដែលបានរកឃើញពិតប្រាកដមានតែ ២នាក់ប៉ុណ្ណោះ និងអ្នករងរបួស ៥នាក់ មិនមែនស្លាប់៤នាក់ទេ។ ចំពោះម្ចាស់ក្លិបវិញ សមត្ថកិច្ចនឹងអញ្ជើញមកសួរនាំផងដែរ៕