ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ផ្តាំឲ្យកម្មករកាត់បន្ថយ ពិសារភេសជ្ជៈផ្អែមៗ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានផ្តាំផ្ញើ ឲ្យក្រុមកម្មករកាត់បន្ថយការពិសារភេសជ្ជៈផ្អែមៗ ដើម្បីបង្ការឲ្យបាននូវការកើតជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន នាថ្ងៃ៥ កុម្ភៈ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តាំផ្ញើដល់កម្មករ និងប្រជាពលរដ្ឋទាំងអស់ បង្ការឲ្យបាននូវការកើតជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម ដែលជំងឺទាំងពីរនេះ អាចបង្កទៅជាផលវិបាកសុខភាព ជាច្រើនទៀតដូចជា ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ខ្សោយតម្រងនោម ពិការភ្នែកជាដើម។

លោកបន្តថា “ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនរបបអាហារសុខភាព «តិចអំបិល តិចខ្លាញ់ តិចស្ករ» ដោយកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម ភេសជ្ជៈដែលមានជាតិស្ករ ដោយមនុស្សពេញវ័យមានសុខភាពល្អម្នាក់ ត្រូវការថាមពលពីស្ករត្រឹមតែ៤០ក្រាម (ត្រឹមតែ១២ស្លាព្រាបកាហ្វេ) ក្នុងមួយថ្ងៃ។ កាត់បន្ថយការទទួលទានប្រៃ ។ មនុស្សពេញវ័យម្នាក់ត្រូវការអំបិល តិចជាង៥ក្រាម (១ស្លាបព្រាកាហ្វេ)”។

នាឱកាសនោះដែរលោករដ្ឋមន្រ្តីសង្កត់ធ្ងន់ ក៏ត្រូវចៀសវាងការពិសាបារី និងការប្រើប្រាស់គ្រឿងស្រវឹង ដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាល បណ្តាលឲ្យញៀន និងប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ដូចជាជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ប្រើប្រាស់អំពើហឹង្សាបុគ្គល គ្រួសារ-សង្គម គ្រោះថ្នាក់ចរចរាណ៍ និងប្រឈមនឹងជំងឺផ្សេងៗទៀត។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏អំពាវនាវដល់កម្មករ ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធទាំងអស់នាំយកនូវសារអប់រំសុខភាព ផ្សព្វផ្សាយបន្តដល់មិត្តភក្តិ គ្រួសារ និងសហគមន៍ ដើម្បីឲ្យមានការយល់ដឹង ដែលនាំឲ្យមានចូលរួមផ្លាស់ប្តូរឥរិយាបថ ដើម្បីបង្ការជំងឺមិនឆ្លង ។ ស្ថាប័ន និងបុគ្គលពាក់ព័ន្ធ ចូលរួមពង្រឹងវិធានការហាមឃាត់ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់គ្រប់ប្រភេទនៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ដោយបិទស្លាកហាមជក់បារី និងណែនាំបុគ្គលទាំងអស់កុំជក់ ឬបង្ហុយផ្សែង ផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងទីកន្លែងសាធារណៈ៕

To Top