ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំបេញ បានលើកឡើងថា ប្រទេសគុយបា គឺជាមិត្តចាស់ដ៏ល្អរបស់កម្ពុជា ដែលក្នុងគ្រាលំបាក ប្រទេសគុយបា បានជួយឧបត្ថម្ភគាំទ្រ ដល់ប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យសុខាភិបាល ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_14-27-12-1024x682.jpg)
ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_14-27-20-1024x682.jpg)
នៅក្នុងឱកាសនេះ លោក ឃួង ស្រេង បានរំលឹកឡើង នូវគុណនូបការ របស់សាធារណរដ្ឋគុយបា ជាមិត្តចាស់ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ និង កសិកម្មនាពេលកន្លងមក ពោលរាប់ចាប់ តាំងពីការចាប់ផ្តើម ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋគុណបា ជាពិសេសការជួយរបស់គុយបា មកកាន់កម្ពុជា ក្រោយកម្ពុជារំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគុយបា បានរួមចំណែកយ៉ាងធំធេញ លើការអភិវឌ្ឍប្រទេសជាតិកម្ពុជា ក្រោយរួចផុតពីសង្គ្រាម ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_14-27-24-1024x682.jpg)
លោក ឃួង ស្រេង បានរំលឹកថា ជាការពិតចំណងការទូត ដែលផ្តួចផ្តើមឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ និងឯកឧត្តម Fidel Castro បានធ្វើឱ្យកម្ពុជា និងគុយបា មានទំនាក់ទំនងការទូត តាំងពីបុរេប្រវត្តិមក ប៉ុន្តែមកដល់កម្ពុជា នៅសម័យរំដោះ ឱ្យរួចពីការកាប់សម្លាប់ពីរបបប៉ុល ពត សម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទេសក៍ការទូត ប្រចាំកម្ពុជានាពេលនោះ ក៏បានរៀបចំទំនាក់ទំនងកាទូត ជាមួយបណ្តាប្រទេសជាច្រើន ដោយឡែក គុយបា ក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលបានធ្វើកិច្ចការការទូត ជាមួយនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា នាពេលនោះផងដែរ ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_14-27-16-1024x682.jpg)
លោក ឃួង ស្រេង មានប្រសាសន៍ថា “ពាក្យស្លោកកម្ពុជាមួយ បានលើកឡើងថា ជួយគ្នាក្នុងគ្រាក្រ ហើយក្នុងពេលដែលកម្ពុជា ក្រ ក៏មានប្រទេសគុយបាមួយ បានជួយមកលើប្រទេសកម្ពុជា នូវជំនួយឥតសំណង សព្វបែបយ៉ាង” ។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានជម្រាបជូនលោកស្រី ឯកអគ្គរដ្ឋទូតគុយបា នូវការត្រៀមលក្ខណៈរួចរាល់ របស់អាជ្ញាធររាជធានីភ្នំពេញ នៅក្នុងការជួយជ្រោមជ្រែង លើកិច្ចការងារចាំបាច់ ជាពិសេសក្នុងបេសកកម្មការទូត របស់លោកស្រីក្នុងទីក្រុងភ្នំពេញ និងការការពារសុខសុវត្ថិភាព របស់ស្ថានទូតគុយបា នៅទីក្រុងភ្នំពេញផងដែរ ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_14-27-28-1024x682.jpg)
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូតគុយបា បានថ្លែងអំរគុណចំពោះលោក ឃួង ស្រេង ដែលបានចំណាយពេលវេលា ដ៏មមាញឹក អនុញ្ញាឱ្យលោកស្រី និងសហការី អញ្ជើញជួបសម្តែងការគួរសម នាឱកាសនេះ ព្រមទាំងអរគុណ ដល់អាជ្ញាធររាជធានីភ្នំពេញ ដែលជានិច្ចជាកាល បានជួយដល់ស្ថានទូតគុយបា ទាំងការរក្សាអនាម័យ បរិស្ថានជុំវិញស្ថានទូត និង ជាពិសេស សុខសុវត្ថិភាពរបស់មន្ត្រី នៃស្ថានទូតគុយបា ដែលមានមូលដ្ឋាន នៅទីក្រុងភ្នំពេញតែម្តង ។
លោកស្រី ក៏បានរំលេច នូវចំណងមិត្តភាព រវាងប្រទេសទាំពីរ គុយបា-កម្ពុជា ដែលមានទំនាក់ទំនងការទូតយ៉ាងស្អិតរមួត ហើយប្តេជ្ញារក្សាឱ្យបាននូវតម្លៃមិត្តភាព សាមគ្គីភាព និងបន្តឱ្យកាន់តែល្អប្រសើរថែមទៀត ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_14-27-31-1024x682.jpg)
ក្នុងនោះលោកស្រី ឯកអគ្គរដ្ឋទូតគុយបា ក៏បានស្នើដល់លោក ឃួង ស្រេង ពិនិត្យលទ្ធភាព ក្នុងការស្វែងរក នូវសាលារៀន ដែលធ្លាប់បានប្រើប្រាស់ឈ្មោះថា ជាសាលាគុយបាកាលពីអតីតកាល នឹងអាចឱ្យស្ថានទូតគុយបា អាចចុះទស្សនកិច្ច និងមានបំណងចង់ដាំដើមឈើ សម្រាប់ទុកជាអនុស្សាវរីយ៍ ដែលបង្ហាញពីចំណងមិត្តភាព រវាងគុយបា និងកម្ពុជា ខណៈដែលកិច្ចការងារនេះ លោក ឃួង ស្រេង បានឯកភាពលើការផ្តល់នូវការគាំទ្រ ចំពោះកិច្ចការមួយចំនួន ដែលជាសំណើររបស់លោកស្រីឯកអគ្គរដ្ឋទូត តែយ៉ាងណាមិញ លោក ឃួង ស្រេង ក៏បានផ្តល់អនុសាសន៍ណែនាំ ឱ្យឯកអគ្គរដ្ឋទូតគុយបា ពិនិត្យនិងពិភាក្សាការងារខាងលើ ជាមួយឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ជាមុនសិន ថាតើអាចមានការរៀបចំបានលើអ្វីខ្លះ ដើម្បីឱ្យសាកសមនឹងតម្លៃ នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_14-27-38-1024x682.jpg)
បន្ថែមលើនេះ ក្នុងជំនួបរវាងលោក ឃួង ស្រេង និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នា លើការជំរុញការផ្សព្វផ្សាយ នូវទំនាក់ទំនង អំពីវប្បធម៌ប្រពៃណីដ៏ផូផង រវាងប្រទេសទាំងពីរ ទៅកាន់ប្រជាជនគ្នាទៅវិញទៅមក និងសង្ឃឹមថា នឹងអាចមានការចុះអនុស្សារណយោគយល់គ្នា រវាងទីក្រុងឡាហាវ៉ាន និងទីក្រុងភ្នំពេញផងដែរ៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_14-27-42-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-06_14-27-46-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)