កណ្ដាល៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកខ្សាច់កណ្ដាល ចុះពិនិត្យការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ និងបន្តពិនិត្យប្រឡាយទឹកដែលត្រូវស្ដារ នៅឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ព្រមទាំងជួបសំណេះសំណាល ជាមួយប្រជាកសិករ ដែលប្រឈមក្នុងការខ្វះខាតទឹក ស្រោចស្រពស្រូវប្រាំងផងដែរ។
ក្នុងឱកាសចុះពិនិត្យនេះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងក្រុមការងារ បានធ្វើការចុះពិនិត្យនៅតាមប្រឡាយទឹកនានានៅក្នុងឃុំ ដែលជាប្រភពដ៏សំខាន់ក្នុងការរុញច្រើនទឹក អោយដល់ស្រែរបស់ប្រជាកសិករ និងបន្តពិនិត្យស្រូវប្រាំងរបស់ប្រជាកសិករ ដែលកន្លងមកជួបការប្រឈមនឹងការខ្វះខាតទឹក ជាក់ស្ដែងបន្ទាប់ពីបានទទួលការអន្តរាគមន៍ ដោយយល់ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកណ្ដាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាក់ស្ដែងនៅតាមប្រឡាយនានា មានទឹកសម្រាប់ឱ្យប្រជាកសិករបូមស្រោចស្រព ស្រែប្រាំងរបស់ពួកគាត់ក្នុងរដូវប្រាំងនេះ។
ក្នុងឱកាសចុះពិនិត្យនេះដែរ លោកអភិបាលខេត្ត មានប្រសាសន៍ថា បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំង របស់បងប្អូនប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានចាត់តាំងដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករកំពុងប្រឈមនឹងការខ្វះខាតទឹក ថា៖ សម្រាប់ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមនេះ អាជ្ញាធរបានធ្វើការដោះស្រាយជូនអោយមានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រព។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាកសិករទាំងអស់ សូមឱ្យធ្វើស្រែតែម្តង ព្រោះបើសិនជាបងប្អូនប្រជាពលរដ្ឋបន្តធ្វើនៅលើកទី២ គឺអាចប្រឈមនឹងការខ្វះទឹកប្រើប្រាស់តែម្តង មិនថាតែស្រោចស្រពដំណាំទេ សូម្បីតែមនុស្ស និងសត្វក៏មិនមានទឹកសម្រាប់ ផឹក និងបរិភោគផងដែរ។
ជាមួយគ្នានេះផងដែរ លោក គួច ចំរើន បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមពិនិត្យ និងតាមដានជាប្រចាំចំពោះបញ្ហាទឹក ស្រោចស្រពជូនប្រជាកសិករ ធ្វើយ៉ាងណាឱ្យស្រូវរបស់ប្រជាកសិករ មានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រាព ហើយមិនត្រូវឱ្យស្រូវរបស់ប្រជាកសិករ ខូចខាតដោយការខ្វះខាតទឹកស្រោចស្រព នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានឱដឹងថា ទូទាំងខេត្តកណ្ដាលមានផ្ទៃដីស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង៦ពាន់ហិតា ដែលប្រឈមក្នុងការខ្វះខាតទឹកស្រោចស្រព។ ក្នុងនោះស្រុកខ្សាច់កណ្ដាល មានផ្ទៃដីស្រែប្រាំងប្រមាណ ជាង៣រយហិចតា ដែលប្រឈមក្នុងការខ្វះការទឹកស្រោចស្រព៕