ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងជំរុញនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីបង្កើនការចំណាយ លើវិស័យការពារជាតិ

kyodo

តូក្យូ៖ មន្ត្រីរដ្ឋាភិបាល អាមេរិក បានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្ទើរតែប្រាកដក្នុងការ ដាក់សម្ពាធលើប្រទេសជប៉ុន ឱ្យបង្កើនការចំណាយលើវិស័យ ការពារជាតិរបស់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្ត្រី Shigeru Ishiba នៅចុងសប្តាហ៍នេះ។

មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ មិនបានប៉ះចំគោលដៅជាលេខណាមួយឡើយ ដោយបន្ថែមថា ទីបំផុតវាអាស្រ័យលើ លោក ត្រាំ ក្នុងការសម្រេចចិត្តថា ត្រូវប្រាប់លោក Ishiba ទាក់ទងនឹងបញ្ហាផ្សេងៗ នៅពេលដែលអ្នកទាំងពីរជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រនេះ។

មន្ត្រី​អាមេរិក​ផ្សេង​គ្នា​បាន​ឲ្យដឹងថា ជប៉ុន​ទិញ​ឧបករណ៍​ការពារ ដែល​ផលិត​ដោយ​អាមេរិក​នឹង​មាន​សារៈសំខាន់​ជាពិសេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ដោយធ្វើតាមកិច្ចខិតខំប្រឹង ប្រែងរបស់ប្រធានាធិបតីមុនរបស់លោក ត្រាំ គឺលោក ចូ បៃដិន រដ្ឋបាលបច្ចុប្បន្នកំពុងស្វែង រកការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តដ៏ សំខាន់របស់សហរដ្ឋអាមេរិកនៅអាស៊ី។

ទោះបីជាមានការសង្ស័យរបស់លោក ត្រាំ អំពីកិច្ចសហប្រតិបត្តិការ ពហុភាគីក៏ដោយ ក៏មន្ត្រីនៃរដ្ឋបាល របស់លោកបានទទួល ស្គាល់ថា ការធ្វើការយ៉ាងជិត ស្និទ្ធជាមួយសម្ព័ន្ធមិត្តអាស៊ី និងប្រទេសដែលមានគំនិត ដូចគ្នាគឺមានសារៈសំខាន់ សម្រាប់ការផ្តោតការយកចិត្តទុកដាក់ របស់ខ្លួនលើការពង្រឹងមហិច្ឆតាយោធា និងសេដ្ឋកិច្ចរបស់ប្រទេសចិន ជាពិសេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក ត្រាំ បានជំរុញម្តងហើយម្តងទៀតនូវសម្ព័ន្ធ មិត្តណាតូឱ្យចំណាយ ៥ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ពួកគេ ជារៀងរាល់ឆ្នាំលើវិស័យការពារជាតិ ច្រើនជាងពីរដង នៃគោលដៅបច្ចុប្បន្ន ២ភាគរយ ប្រសិនបើពួកគេចង់ទទួល បានជំនួយពីសហរដ្ឋអាមេរិក ។  ដូច​ប្រទេស​ដទៃ​ទៀត​ដែរ ជប៉ុន​បាន​និង​កំពុង​ដាក់​ សម្ពាធ​ស្រដៀង​គ្នា​នេះ​ក្រោម​អាណត្តិ​ប្រធានាធិបតី​ទីពីរ​របស់​លោក។

លោក Ishiba ទំនងជា នឹងព្យាយាមទាក់ទាញ ការចាប់អារម្មណ៍របស់លោក ត្រាំ ទៅនឹងការសម្រេចចិត្ត របស់ប្រទេសជប៉ុន នៅឆ្នាំ២០២២ បន្ទាប់ពីអាណត្តិទីមួយ របស់ប្រធានាធិបតី ដើម្បីបង្កើនការចំណាយ លើវិស័យការពារជាតិប្រចាំ ឆ្នាំរបស់ខ្លួនទ្វេដងដល់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៧ ដែលជាការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងគោលនយោបាយ សន្តិសុខក្រោយសង្គ្រាមក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោល សង្រ្គាមរបស់ប្រទេស ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top