ព័ត៌មានជាតិ

ក្នុងជំនួបជាមួយប្រតិភូ EU ! លោក ស៊ុន ចាន់ថុល លើកឡើង ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសចំនួន ៩ ក្នុងសហភាពអឺរ៉ុប (EU) មានស្ថានកុងស៊ុលកិត្តិយសប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ផ្នែកឯកជន ឱ្យកាន់តែមានប្រសិទ្ធភាព។

នាឱកាសឧបនាយករដ្ឋមន្ត្រី បានជម្រាប ទៅកាន់គណៈប្រតិភូ អំពីការអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សរបស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ បន្ទាប់ពីទទួលបាន សុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យ នៃនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបទពិសោធន៍ ក្នុងការរៀបចំបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អក.) កាលពីឆ្នាំ១៩៩៤ និងការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក្នុងស្ថាប័ន បន្ទាប់ពីរូបឯកឧត្តមចូលមកកាត់តំណែងជា អនុប្រធានទី១ ក.អ.ក. ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកំណើន នៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត ក្នុងប្រវត្តិនៃប្រតិបត្តិការការងាររបស់ ក.អ.ក. កន្លងមក រួមមាន គម្រោងវិនិយោគ ដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤គម្រោង និងគម្រោងវិនិយោគ ដែលបានអនុម័តក្នុងខែមករា ដើមឆ្នាំ២០២៥ សរុបចំនួន ៦៨គម្រោង ផងដែរ ។ តួលេខនេះ ជាសក្ខីភាពជាក់ស្តែង បង្ហាញពីប្រសិទ្ធភាពនៃ ច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោល នយោបាយនានា របស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការ វិនិយោគនៅកម្ពុជា ដែលបានបង្ហាញ ពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យ នេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែមដែរថា នៅរៀងរាល់ ៦ខែម្ដង ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ច ប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយដោយមានរូបឯកឧត្តមផ្ទាល់ ជាសហប្រធាន រួមជាមួយ ឯកឧត្តមឯកអគ្គរាជទូត /ឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន របស់ប្រទេសនីមួយៗផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ លោកឧបនាយរដ្ឋមន្ត្រី ក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធមិនឈប់ឈរ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ដែលសុទ្ធសឹង ជាកត្តាសំខាន់ៗក្នុងការជម្រុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ផ្នែកឯកជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង អំពីការធ្វើឌីជីថលូបនីយកម្ម ដោយប្រើប្រាស់ បច្ចេកវិទ្យាដែលក.អ.ក. បាននិងកំពុងអនុវត្ត ក្នុងការលើកកម្ពស់សេវាសាធារណៈ ស្របទៅតាមយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់យកបច្ចេកវិទ្យា ជាអាទិភាពគន្លឹះទី៥។ ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក.អ.ក.បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដើម្បីពន្លឿននីតិវិធីផ្តល់សេវា ដែលអនុញ្ញាតឱ្យវិនិយោគិនអាចធ្វើការដាក់ពាក្យស្នើសុំវិនិយោគ បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការងារវិនិយោគពីបរទេស នៅក្នុងប្រទេសកម្ពុជា និងបានលើកឡើងអំពីភាព ជោគជ័យរបស់វិនិយោគិន ពីប្រទេសរបស់ខ្លួន ដែលបានសម្រេចចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅ ក្នុងតំបន់ផងដែរ ៕

To Top