ព័ត៌មានជាតិ

ទីស្នាក់ការធ្វើលិខិតឆ្លងដែន ខេត្តសៀមរាប ផ្ដល់សេវាជូន ពលរដ្ឋបានជាង ២ពាន់នាក់ហើយ

" "

សៀមរាប ៖ សម្ពោធដាក់ឱ្យដំណើរការក្រោមអធិបតីភាព លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងយាងនិមន្តប្រោះព្រំពរជ័យបន្ថែមពីសម្ដេចព្រះព្រហ្មរតមុនី ពិន សែម កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន នៅខេត្តសៀមរាប បានផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋចំនួន២ ១៧០នាក់។

បើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចំនួននេះមិនទាន់រាប់បញ្ចូល ពលរដ្ឋជាច្រើននាក់ទៀតដែលបានបំពេញនីតិវិធីរួចរាល់ និងកំពុងរង់ចាំទទួលសេវា។

" "

បើតាមលោកបណ្ឌិត ទូច សុឃៈ ទីស្នាក់ការធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាប ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្ដេចធិបតី បានណែនាំឱ្យក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ រិះរកមធ្យោបាយថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល និងប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

" "

ទីស្នាក់ការធ្វើលិខិតឆ្លងដែនខេត្តសៀមរាប មានទីតាំងស្ថិតនៅជាន់ទី២ ផ្សារទំនើប The Heritage Walk ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមលោក ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការផ្តល់សេវាលិខិតឆ្លងដែននៅខេត្តសៀមរាបនេះ មានគោលបំណងបង្ខិតសេវានោះឱ្យកាន់តែកៀកប្រជាពលរដ្ឋ ។ លោកបញ្ជាក់ថា ពលរដ្ឋខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តផ្សេងៗទៀតអាចមកស្នើសុំសេវានៅសៀមរាបបាន ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៩ ព្រឹក ដល់ម៉ោង៤ រសៀល។ សម្រាប់ថ្ងៃច័ន្ទ និងថ្ងៃអង្គារ មន្ត្រីជំនាញនឹងបើកទ្វារទីស្នាក់ការនេះសម្រាប់តែផ្ដល់ព័ត៌មាន និងបើកលិខិតឆ្លងដែនជូនអ្នកមកទទួលសេវាតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងធ្វើលិខិតឆ្លងដែនធម្មតាដែលកំពុងអនុវត្តមានចំនួន៦ រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២សែនសុខ ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម៕

To Top