ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ពីការរៀបចំយន្តការគ្រប់គ្រង ការចុះបញ្ជីគម្រោងវិនិយោគ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នៅថ្ងៃទី៦ កុម្ភៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារ ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាមដាន ការអនុវត្តគម្រោងវិនិយោគ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូល ជំរុញការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី បង្កើតជាទិន្នន័យប្រមូលផ្ដុំ និងបង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគម្រោងវិនិយោគ ដោយស្មារតីសហការគ្នាដ៏រស់រវើក ប្រកបដោយសហថាមពល ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” គាំទ្រការសម្រេចឱ្យបាននូវទិសដៅប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមជម្រាបជូនថា យោងតាមស្មារតីកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ប្រធានក.អ.ក. បានកំណត់ឱ្យមានការរៀបចំយន្តការប្រទាក់ក្រឡា ដើម្បីឱ្យមានសង្គតិភាព នៃលំហូរការងារវិនិយោគ ទាំងការចុះបញ្ជី និងការពិនិត្យតាមដានការអនុវត្តគម្រោង រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី ខេត្ត ដោយឈរលើស្មារតីសហការគ្នា ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

សម្តេច ក៏បានណែនាំឱ្យអនុវត្តឱ្យបាន ពេញលេញលើការប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ព្រមទាំងធ្វើសន្ធានកម្មតភ្ជាប់ តាមថ្នាលបច្ចេកវិទ្យាអេកូឡូស៊ី ដែលមានស្រាប់ ដើម្បីចែករំលែកទិន្នន័យជាមួយអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅបង្កើតជាបណ្តុំទិន្នន័យរួមសព្វ ជ្រុងជ្រោយមានសក្តានុពលបម្រើជាប្រយោជន៍ដល់វិនិយោគិន ក៏ដូចជាសម្រួលការផ្តល់សេវាសាធារណៈពាក់ព័ន្ធ៕

To Top