ពោធិ៍សាត់÷ លោកខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៧ ខែ កុម្ភះ ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំ និង ជំរុញដល់មន្ទីរជំនាញ អោយពន្លឿននីតិវិធី ក្នុងការស្នើរសុំកាត់ឆ្វៀលទីតាំងដី សម្រាប់សាងសង់មន្ទីរពេទ្យបង្អែក ស្រុកវាលវែង CPA2 ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង ការទទួលខុសត្រូវ ការបញ្ជូន និង ការសង្រ្គោះអ្នកជម្ងឺ បានទាន់ពេលវេលាឆ្លើយតប ទៅនឹងតម្រួវការរបស់ពលរដ្ឋក្នុងមូលដ្ឋាន ។
លោកអភិបាល ខេត្តពោធិ៍សាត់ បានជម្រុញបែបនេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំគណះកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តដើម្បីពិនិត្យ និងសម្រេច ករណីសំណើរ សុំទីតាំងដីសម្រាប់សាងសង់ គម្រោងមន្ទីរពេទ្យបង្អែកស្រុកវាលវែង CPA2 ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៍បានសាទរដល់ គម្រោងសាងសង់មន្ទីរពេទ្យបង្អែកស្រុកវាលវែង ដែលមានការឯកភាពពីរាជរដ្ឋាភិបាល និងមានការគាំទ្រពីក្រសួងសុខាភិបាល និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការឆ្លើយតបទៅនិងតម្រូវការ របស់ពលរដ្ឋនៅមូលដ្ឋាន ។ ពិតណាស់ទីតាំងដី ដែលមន្ទីរសុខាភិបាល ស្នើរសុំនេះគឺស្ថិត នៅក្នុងចំនុច សហគមន៍តំបន់ការពារធនធានធម្មជាតិ ដែលជាហេតុធ្វើអោយមាន ការប្រឈមនៅពេលអនុវត្តន៍គម្រោង ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី មន្ទីរពេទ្យបង្អែកស្រុកដែលជាតម្រូវការចាំបាច់ សម្រាប់ប្រជាជនក្នុងស្រុកវាលវែងទាំងមូល គឺត្រូវតែសាងសង់អោយបាន ព្រោះគម្រោងនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិ និង ប្រជាជននៅតំបន់នោះ អោយកាន់តែមានភាពល្អប្រសើរ ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៍បានណែនាំដល់មន្ទីរជំនាញ ដែលមានក្នុងសមាសភាពគណះកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវសហការ នឹង ពន្លឿន រៀបចំនីតិវិធីផ្លូវច្បាប់ ឈានទៅដំណើរការសាងសង់គម្រោងមន្ទីរពេទ្យបង្អែកស្រុកវាលវែង (CPA2) អោយសម្រេចបាន ឆាប់រហ័សនា ពេលខាងមុខនេះ៕