ស្វាយរៀង ៖ លោក លឹមសៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកយុទ្ធនាការការ សម្អាតផ្លូវជាតិលេខ១ ក្រោមប្រធានបទ” ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” ស្ថិតនៅតាមដងផ្លូវជាតិលេខ១ ។
យុទ្ធនាការនេះមានការចូលរួមពីសំណាក់ លោក ពេជ សាមិត្ត អនុប្រធានមន្ទីរបរិស្ថានខេត្ត និងសហការី លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល លោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុង លោកចៅសង្កាត់ព្រៃអង្គុញ និងចៅសង្កាត់ច្រកម្ទេស ក្រុមប្រឹក្សាសង្កាត់ទាំងពី ប្រជាពលរដ្ឋក្នុងសង្កាត់ យុវជន ស.ស.យ.ក លោកគ្រូ អ្នកគ្រូ ប្រជាការពារភូមិ និងសិស្សានុសិស្សប្រមាណ ២៥០នាក់។
លោកលឹម សៀងហេងបានថ្លែងថា យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាព ក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិលេខ១ ឲ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាពនិងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង។
លោកអភិបាលក្រុងបន្តថា ទន្ទឹមនេះលោកបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលសង្កាត់ អាជ្ញាធរមូលដ្ឋាន ក្នុងក្រុងបាវិត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវរៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន និងសំណូមពរ ដល់បងប្អូនកម្មក កម្មការិនីនិងប្រជាពលរដ្ឋទាំងអស់ សូមកុំបោះចោលសម្រាមនៅ តាមដងផ្លូវពាសវាលពាសកាល ពេលកំពុងធ្វេីដំណេីរ។
ក្នុងឱកាសនោះ លោកលឹម សៀងហេង និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សបានធ្វេីការរេីសសម្រាម ដេីម្បីសម្អាតនៅតាមដងផ្លូវជាតិលេខ១ក្នុងទីប្រជុំជន និងមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងអាជ្ញាធពាក់ព័ន្ធ វិស័យឯកជនចូលរួមសម្អាត ក្នុងនោះ សង្កាត់បាវិត និង សង្កាត់បាទី ក៏បានរៀបចំកម្មពិធីក្នុងអនុវត្តយុទ្ធនាការការសម្អាតផ្លូវជាតិលេខ១ ក្រោមប្រធានបទ” ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” ផងដែរ នៅតាមសង្កាត់រាងខ្លួន ដោយមានការចូលរួមពី លោកនាយករដ្ឋបាលស្តីទី លោកប្រធានអនុប្រធាន និងមន្ត្រីការិយាល័យចំណុះក្រុង លោកចៅសង្កាត់បាវិត និងបាទី ក្រុមប្រឹក្សាសង្កាត់ទាំងពីរ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ លោកមេភូមិ អនុភូមិ យុវជន ស.ស.យ.ក ក្នុងសង្កាត់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ប្រជាការពារភូមិ និងសិក្សានុសិស្ស ទាំងពីរសង្កាត់សរុបវត្តមានចូលរួមប្រមាណ ១៨៥នាក់ ស្រី ៩៦នាក់ ៕