ភ្នំពេញ៖ លោក Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មី ប្រចាំកម្ពុជា បានប្តេជ្ញា ចិត្ត ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា នឹងជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ខ្លួន ។
ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាត ឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព លោកឯកអគ្គរដ្ឋទូតថ្មី បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងល្អ នេប៉ាល់-កម្ពុជា។
ក្នុងនោះលោកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ខ្លួន ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ និងការសម្របសម្រួលរៀបចំ កិច្ចប្រជុំ ពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ។
ជាការឆ្លេីយតប សម្ដេចបវរធិបតី បានសម្ដែងនូវការអបអរសាទរចំពោះលោក Dhan Bahadur Oli ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំកម្ពុជា និងបានសម្ដែងនូវការពេញចិត្ត ចំពោះភាពរីកចម្រើននៃទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីមានជំនឿជឿជាក់ថា ទំនាក់ទំនងកម្ពុជា-នេប៉ាល់ នឹងកាន់តែរីកចម្រើនថែមទៀតនៅក្នុងអាណត្តិការទូតរបស់លោកទូត។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។ យន្តការនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យជាច្រើន ដូចជា វិស័យពាណិជ្ជកម្ម អប់រំ និងទេសចរណ៍ ជាដេីម។
ជាមួយគ្នានេះ សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់លោកឯកអគ្គរដ្ឋទូត បន្តធ្វើការឱ្យជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត៕