កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញបិទ កិច្ចប្រជុំបូកស្រុកលទ្ធផល ការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ របស់មន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-07_17-10-55-1024x682.jpg)
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទូលខុសត្រូវ សម្រេចបាន នូវសមិទ្ធផលជាច្រើន លើវិស័យសុខាភិបាល ក្នុងខេត្តកំពង់ចាម។ តាមរយៈលទ្ធផលនេះ បានលើកកម្ពស់ និងជំរុញការផ្តល់សេវាថែទាំ សុខភាពជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ដោយបានកាត់បន្ថយអត្រា ឈឺ និងស្លាប់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ប្រកបដោយចិរភាព។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយទស្សវិស័យវែងឆ្ងាយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ បានកំណត់ អំពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តោតលើអាទិភាពចំនួន ៥ ក្នុងនោះ អាទិភាពទី៣ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅ ជាយុទ្ធសាស្ត្រ គឺបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់ សុភាពបន្តពូជ មាតា ទារក និងកុមារ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-07_17-10-58-1024x682.jpg)
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានដាក់ចេញវិធានការគន្លឹះ ដើម្បីលើកកម្ពស់ដោយផ្តោត លើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាព បឋមមូលដ្ឋានគុណភាពសេវាសុខាភិបាល តាមរយៈការអនុវត្តនូវវិធានការគន្លឹះចំនួន៣ មានជាអាទិ៍៖
ទី១ ៖ ពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយយកចិត្តទុកដាក់លើការពង្រាយបុគ្គលិកគ្រប់ចំនួន ដែលមានក្រមសីលធម៌ល្អ និងទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ការផ្គត់ផ្គង់ឱសថ សម្ភារៈបរិក្ខារ ការបំពាក់ឧករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសុខាភិបាល ឌីជីថល។
ទី២ ៖ ការអភិឌ្ឍសមត្ថភាពស្ថាប័ន ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ និយតកម្មការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ការផ្តល់សេវាសុខភាពកាន់តែមានភាពឆ្លើយតប ប្រកបដោយសមធម៌ និង
គណនេយ្យភាពខ្ពស់ ។
ទី៣ ៖ កសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនដើម្បីឱ្យប្រជាជនទទួលបាន សេវាសុខភាមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)