ភ្នំពេញ ៖ កម្មករនិយោជិតប្តេជ្ញា ចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺ មិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន។ ទន្ទឹមនឹងនេះ កម្មករនិយោជិតអំពាវនាវ ឱ្យកម្មករនៅទូទាំងប្រទេសចូលរួមយុទ្ធនាការ ដ៏មានសារសំខាន់មួយនេះ ជាមួយរាជរដ្ឋាភិបាលដើម្បីសុខភាពខ្លួន គ្រួសារ និងសង្គមជាតិ ។ ការគាំទ្ររបស់កម្មករនេះ បន្ទាប់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានដាក់ចេញនូវយុទ្ធនាការ ផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ជូនដល់បងប្អូនកម្មករនិយោជិតនៅ តាមសហគ្រាស គ្រឹះស្ថាន នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។
![](https://dap-news.com/wp-content/uploads/2025/02/3A8A3798-1-1024x541.jpg)
លោកស្រី សន សាវឿន ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានគូសបញ្ជាក់ពីការគាំទ្ររបស់ខ្លួន និងការចូលរួមយ៉ាងពេញទំហឹងជាមួយក្រសួងការងារ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងដល់បងប្អូនកម្មករនិយោជិត។ កម្មករូបនេះថា ការចូលរួមទប់ស្កាត់ជំងឺ មិនឆ្លងនេះមានសារសំខាន់សម្រាប់ គាំពារសុខមាលភាពដល់កម្មករនិយោជិតនៅទូទាំងប្រទេស។
![](https://dap-news.com/wp-content/uploads/2025/02/3A8A3014-2-1024x683.jpg)
លោកស្រីបន្ថែមថា តាមរយៈការចូលរួមលើយុទ្ធនាការនេះផងដែរ លោកស្រីនឹងកាត់បន្ថយការបរិភាគអាហារផ្តេសផ្តាស កាត់បន្ថយអាហារផ្អែម និងប្រៃពេក។ លើសពីនេះ លោកស្រីនឹងកែប្រែ ឥរិយាបទការរស់នៅ ដោយងាកមកចេះហាត់ប្រាណ ដើម្បីសុខភាព ហើយស្តាប់តាមការណែនាំ របស់ក្រសួង និងអាជ្ញាធរ។ ការធ្វើឱ្យខ្លួនឯងមានសុខភាពល្អ គឺជាការជួយខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។
![](https://dap-news.com/wp-content/uploads/2025/02/3A8A3021-1-1024x683.jpg)
ដោយឡែកលោកស្រី ហម សុលាភ ជាកម្មការិនីម្នាក់ទៀត នៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ក៏បានលើកឡើងដែរថា ការដាក់ចេញ នូវយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន គឺជាការយកចិត្តទុកបន្ថែមទៀត របស់រាជរដ្ឋាភិបាលលើសុខុមាលភាព របស់បងប្អូនកម្មករនិយោជិត។
![](https://dap-news.com/wp-content/uploads/2025/02/3A8A3874-1-1024x683.jpg)
កម្មការិនីរូបនេះ យល់ឃើញថា បើទោះបីលោកស្រី មានបណ្ណ ប.ស.ស. ដែលអាចឱ្យកម្មករ និយោជិតទទួលសេវាថែរទាំសុខភាព ដោយឥតគិតថ្លៃ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែការធ្វើឱ្យខ្លួនឯង មានសុខភាពល្អ គឺ ជារឿងដ៏សំខាន់ និងចម្បងបំផុត ។ លោកស្រីប្តេជ្ញាចិត្តយ៉ាងមុតមាំ ចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺ មិនឆ្លង ជូនដល់បងប្អូនកម្មករនិយោជិត ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង នូវសុខុមាលភាព របស់កម្មករនៅទូទាំងប្រទេស ។
![](https://dap-news.com/wp-content/uploads/2025/02/3A8A3907-1-1024x683.jpg)
គួរបញ្ជាក់ថា ជំងឺមិនឆ្លង គឺមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ តែជំងឺនេះនឹងឈឺបន្តិចម្តងៗ នាពេលខាងមុខ និងមានលក្ខណៈរ៉ាំរ៉ៃ និងស្មុគស្មាញ។ ជំងឺមិនឆ្លងនឹងប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ដូចនេះ យើងអាចអនុវត្តនូវចំនុចមួយចំនួន ដូចជា ៖
-ត្រូវកាត់បន្ថយការទទួលផ្អែម ភេសជ្ជៈប៉ូវកម្លាំង កាត់បន្ថយការទទួលទានអំបិល ឱ្យបានពាក់កណ្តាលនៃទម្លាប់ហូបប្រៃកន្លងមក កាត់បន្ថយអាហារចៀន ឬបំពង អាហារដែលមានខ្លាញ់ច្រើន និងជៀងវាងការពិសាគ្រឿងស្រវឹង ការពិសាថ្នាំជក់ (បារី)
-ត្រូវបេ្តជ្ញាចិត្តចៀសវាងការពារខ្លួនអ្នក និងក្រុមគ្រួសារ ពីជំងឺទឹកនោមផ្អែម គាំងបេះដូង ខ្សោយតំរង់នោម ស្ទះសរសៃឈាមបេះដូង និងជំងឺលើសឈាម (ដោយសារពិសាប្រៃ)៕
![](https://dap-news.com/wp-content/uploads/2025/02/IMG_20250207_165522_351.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_20250207_165524_365-1024x1024.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_20250207_165525_717.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_20250207_165526_660-1024x968.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)