ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ របស់អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស បន្តធ្វើអំពើល្អ ជួយសម្របសម្រួល និងដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ដែលជនរួមជាតិខ្មែររស់នៅក្រៅប្រទេសជួបការលំបាក ។
ការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ដែលក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ បានពុះពារនូវរាល់ការលំបាក់គ្រប់បែបយ៉ាង ក្នុងការធ្វើទំនាក់ទំនង ប្រកបដោយស្មារតីគោរពស្រឡាញ់ ចំពោះជនរួមជាតិខ្មែររស់នៅក្រៅប្រទេស បើទោះបីជាមានការរំខាន ពីក្រុមជ្រុលនិយម មាននិន្នាការនយោបាយប្រឆាំង ជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនាពេលនោះ។
បន្ថែមលើនេះ សម្តេចធិបតី មានប្រសាសន៍ថា សម្តេចផ្ទាល់ និងក្រុមការងារទាំងអស់ មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ក្នុងការកសាងអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ពិសេសការម៉ាក់ងាយ ពីក្រុមជ្រុលនិយមមួយចំនួន។
សម្តេចធិបតី ក៏បានសំដែងនូវមោទនភាព ក្នុងការកសាងកំលាំង របស់អង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ដែលរហូតមកដល់ពេលនេះ មានការកើនឡើងរហូតដល់ជាង១៥ម៉ឺននាក់។
ជាមួយនិងការលើកឡើងនោះដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ របស់អង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស បន្តធ្វើអំពើល្អ ជួយសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលជនរួមជាតិខ្មែររស់នៅក្រៅប្រទេសជួបការលំបាក ពិសេសទាក់ទិនទៅនិងបែបបទផ្នែកច្បាប់មួយចំនួន ដែលទាក់ទិនទៅនិងការធ្វើដំណើរ និងការស្នាក់របស់ជនរួមជាតិ។
យោងតាមលោក គឹម សន្តិភាព បានបញ្ជាក់ថា ក្រុមការងារអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ត្រូវបានបង្កើតឡើងដោយរៀបចំ ចាប់ពីត្រឹមមនុស្ស ១០នាក់ ចេញធ្វើសកម្មភាព កសាងសមាជិកបក្ស ពីចំនួនជាង ៥ពាន់នាក់ ដែលមានត្រឹមតែ៦ប្រទេស ពេលនេះកើនដល់ជាង ១៦ម៉ឺននាក់ លើប្រទេសចំនួន២០។
សូមបញ្ជាក់ថា គោលដៅចម្បងរបស់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស គឺឈរលើឆន្ទៈ និងមនសិកាក្នុងការចេញទៅផ្សព្វផ្សាយការពិត និងសមិទ្ធផលរបស់កម្ពុជា ជូនដល់បងប្អូនខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស ហើយចាត់ទុកក្រុមការងារ និងសមាជិកទាំងអស់ជាក្រុមគ្រួសារតែមួយ ដោយជួយគ្នាក្នុងគ្រាលំបាក និងមានតម្រូវការផ្សេងៗ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)