ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ សកម្មភាព របស់កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ បូមទឹកដាក់ស្រែប្រាំងប្រជាកសិករនៅតាមបណ្តាឃុំទាំងបី នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយគោរពបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដឹកនាំកម្លាំងទ័ពចំនួន ១៥០នាក់ រួមនិងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ដោយផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវ ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ស្ថិតនៅឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំង សរុបចំនួន ៤៧៤២ហិកតា៕