ភ្នំពេញ៖ លោកបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការស្តីទីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៣.១១៣ នាក់ (នារី ១.៦៤៣នាក់ ស្មើនឹង៥២,៧៨%) ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២២-២០២៣ និងឆ្នាំសិក្សា២០២៣-២០២៤នាពេលថ្មីៗកន្លងមកនេះ នៅទីតាំងគោលរាជធានីភ្នំពេញ សាខាខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ ។
![](https://dap-news.com/wp-content/uploads/2025/02/IMG_3380-1-1024x683.jpg)
គួរឱ្យដឹងថាថ្មីៗកន្លងមកនេះ និស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិត សរុបចំនួន ៥.៣៤១ នាក់ ទើបតែបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតរដ្ឋលេខាធិការ ដែលបានប្រារព្ធធ្វើឡើងនៅសាខា ស.ប.ប ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ចំនួន ១.៩៣០នាក់ និងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ចំនួន៣.៤១១នាក់។
ដោយឡែកនិស្សិតជ័យលាភីទាំង ៣.១១៣នាក់ (នារី ១.៦៤៣ នាក់) បានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិតរដ្ឋលេខាធិការ នាឱកាសដ៏វិសេសវិសាលនេះផងដែរ។ ក្នុងចំណោមនិស្សិតជ័យលាភីទាំង ៣.១១៣នាក់ និស្សិតកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ បានជ្រើសរើសសិក្សាជំនាញនិងឯកទេសដោយផ្តោតលើវិស័យបួនជាចម្បងគឺ៖ វិស័យគ្រប់គ្រងធុរកិច្ចស្មើនឹង ៥៤,៤០% វិស័យបច្ចេកវិទ្យាព័ត៌មាននិង ឌីជីថលស្មើនឹង១៧,៧៣% វិស័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ស្មើនឹង ២១,៦១% វិស័យវិសកម្មនិងស្ថាបត្យកម្ម ស្មើនឹង ៣,៨៣% និង២,៤៣% សិក្សាក្នុងវិស័យផ្សេងៗទៀត ដែលផ្តល់ការបណ្តុះបណ្តាល ស្ថិតក្នុងមហាវិទ្យាល័យទាំង៨រួមមាន៖ ម.វិ. គ្រប់គ្រងធុរកិច្ច ម.វិ.សេដ្ឋកិច្ច ម.វិ.វិទ្យាសាស្ត្រកសិកម្ម ម.វិ.ទេសចរណ៍និងបដិសណ្ឋារកិច្ច ម.វិ.វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ម.វិ.វិស្វកម្មនិងស្ថាបត្យកម្ម ម.វិ.សិល្បៈ មនុស្សសាស្ត្រ និងភាសា។ ដោយឡែកនិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់វិញ បានជ្រើសរើសសិក្សាជំនាញ និងឯកទេសដោយផ្តោតលើ វិស័យបីជាចម្បងគឺ ៖ វិស័យ គ្រប់គ្រងធុរកិច្ចស្មើនឹង ៥៤,៩២% វិស័យនិតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គមស្មើនឹង ៣៣,២០% វិស័យបច្ចេកវិទ្យាព័ត៌មាននិងឌីជីថលស្មើនឹង៨,៦១% និង ៣,២៨% សិក្សាក្នុងវិស័យផ្សេងៗទៀត ដែលផ្តល់ការបណ្តុះបណ្តាលស្ថិតក្នុងមហាវិទ្យាល័យ ទាំង៨ដូចរៀបរាប់ខាងលើ។
សូមបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យ មានទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១ និង សាខាតាមខេត្ត ចំនួន ៨ផ្សេងទៀត រួមមាន៖ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមាន ជ័យ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តរតនគីរី ខេត្តស្ទឹងត្រែង និង ខេត្តត្បូងឃ្មុំ និង មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ សរុបចំនួន ១.១១៩ នាក់ ក្នុងនោះគណៈគ្រប់គ្រងនិងបុគ្គលិកសរុបចំនួន ២៦៩ នាក់ (នារី ១៣២នាក់) បុគ្គលិកអប់រំនិងសាស្ត្រាចារ្យជាតិ និងអន្តរជាតិសរុបចំនួន៨៤៥ នាក់ (នារី ៦១ នាក់)៕
![](https://dap-news.com/wp-content/uploads/2025/02/IMG_3357-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3363-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3393-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3323-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3330-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3331-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3353-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3300-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3274-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3281-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/IMG_3284-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)