ភ្នំពេញ៖លោកបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការស្តីទីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មានតែការវិនិយោគ លើចំណេះវិជ្ជាទេ ដែលទទួលបានការប្រាក់ខ្ពស់បំផុត ហើយក៏ជាកត្តាគន្លឹះដ៏សំខាន់មួយដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារបច្ចុប្បន្ន ក្នុងគោលដៅធានាជោគជ័យ និងការអភិវឌ្ឍប្រកបដោយចីរភាព ។
![](https://dap-news.com/wp-content/uploads/2025/02/34-1-1024x683.jpg)
ការលើកឡើងរបស់លោកបណ្ឌិត អ៊ីន វីរជាតិ ខាងលើនេះធ្វើឡើង ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី សាកលវិទ្យាល័យបៀលប្រាយកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៣.១១៣ នាក់ (នារី ១.៦៤៣នាក់ ស្មើនឹង៥២,៧៨%) ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២២-២០២៣ និងឆ្នាំសិក្សា២០២៣-២០២៤នាពេលថ្មីៗកន្លងមកនេះ នៅទីតាំងគោលរាជធានីភ្នំពេញ សាខាខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនេះ លោកបណ្ឌិត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងតាមទស្សនទានថា “ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ” អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលគ្រប់អាណត្តិកន្លងទៅ ក្រោមការដឹកនាំដ៏ឆ្លាតវៃនិងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានកំណត់រួចហើយថា ការកសាងធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចមួយ ប្រកបដោយចីរភាពឆ្ពោះទៅកាន់ការលើកកម្ពស់ កម្រិតជីវភាពនិងការកាត់បន្ថយជាបណ្តើរៗ នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើសពីនេះទៅទៀត ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានចាត់ទុកជាអាទិភាព នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ នៅគ្រប់ដំណាក់កាល ពិសេសបានក្លាយជា អាទិភាពទី១ នៅក្នុងដំណាក់កាលទី៣និងទី៤។
បន្ថែមលើនេះ លោកបណ្ឌិត អ៊ីន វីរជាតិ បានលើកឡើងទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគ្រឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ដូច្នេះ ធនធានមនុស្សនៅតែជាអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិតនវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ សុខភាពល្អនិងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម។
![](https://dap-news.com/wp-content/uploads/2025/02/32-1-1024x683.jpg)
លោកបណ្ឌិតរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្សក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់និងស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្ត ផ្តោតលើ ១). ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ២). ការ បណ្តុះបណ្តាលជំនាញបច្ចេកទេស ៣). ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន៤). ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀង និង ៥). ការពង្រឹងភាពជាពលរដ្ឋក្នុង សង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។
ក្នុងនោះ លោកបណ្ឌិត អ៊ីន វីរជាតិ បានបន្ថែមថា បុរេលក្ខខណ្ឌមួយ ដែលមិនអាចខ្វះបានដើម្បីធានានូវនិរន្តរភាពនិងវឌ្ឍនភាពនៃការងារនេះ គឺ ការថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ និងប្រជាធិបតេយ្យនីយកម្ម ដែល រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ឲ្យយើង ហើយដែលកំពុងតែផ្តល់ផលជះជាវិជ្ជមានមកលើ ការងារ អប់រំបណ្តុះបណ្តាលរបស់យើង។
![](https://dap-news.com/wp-content/uploads/2025/02/27-1-1024x683.jpg)
លោកបណ្ឌិត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា “ការងារបណ្តុះបណ្តាល គឺជាការវិនិយោគមួយ ដែលប្រើប្រាស់ថវិកា និងពេលវេលាដ៏ច្រើន និងមានតែការវិនិយោគទុន លើចំណេះវិជ្ជាទេ ដែលទទួលបានការប្រាក់ខ្ពស់បំផុត ហើយវាក៏ជាកត្តាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារបច្ចុប្បន្ន ក្នុងគោលដៅធានាជោគជ័យ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងពិភពលោកមួយ ដែលបាននឹងកំពុងឈានឆ្ពោះទៅរកសកលភាវូបនីយកម្ម និងសេដ្ឋកិច្ច-សង្គមឌីជីថល”។
សូមបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យ មានទីតាំងគោលរាជធានីភ្នំពេញ ចំនួន ១ និង សាខាតាមខេត្ត ចំនួន ៨ផ្សេងទៀត រួមមាន៖ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមាន ជ័យ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តរតនគីរី ខេត្តស្ទឹងត្រែង និង ខេត្តត្បូងឃ្មុំ និង មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ សរុបចំនួន ១.១១៩ នាក់ ក្នុងនោះគណៈគ្រប់គ្រងនិងបុគ្គលិកសរុបចំនួន ២៦៩ នាក់ (នារី ១៣២នាក់) បុគ្គលិកអប់រំនិងសាស្ត្រាចារ្យជាតិ និងអន្តរជាតិសរុបចំនួន៨៤៥ នាក់ (នារី ៦១ នាក់)៕
![](https://dap-news.com/wp-content/uploads/2025/02/31-2-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/33-2-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/25-3-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/26-3-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/23-3-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/24-3-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/22-3-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/20-3-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/21-2-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/30-2-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/28-2-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/29-2-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/19-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/18-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/17-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/02/16-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)