ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ លើកទឹកចិត្តឱ្យយុវជនចូលរួមពិព័រណ៍ការសិក្សា និងការងារឆ្នាំ២០២៥ ដើម្បីទទួលយកនូវអត្ថប្រយោជន៍ជាច្រើន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងពិព័រណ៍ការសិក្សា និងការងារឆ្នាំ២០២៥ នៃព្រះរាជាណាចក្រថៃ ដើម្បីទទួលយកនូវអត្ថប្រយោជន៍ជាច្រើន ដែលកម្មវិធីផ្តល់ជូន ហើយព្យាយាមចាប់យកឱកាសការសិក្សា និងការងារ ពង្រីកការយល់ដឹង ពង្រឹងបទពិសោធ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងវេទិកាកិច្ចពិភាក្សានានា។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក ពិព័រណ៍ការសិក្សា និងការងារឆ្នាំ២០២៥ នៃព្រះរាជាណាចក្រថៃ (Thailand Education and Jobs Fair 2025) ដែលប្រព្រឹត្តទៅនៅអគារ Connecxion កោះពេជ្រ ដោយមានការចូលរួមពីសំណាក់លោកស្រី Ms. Ek-on Khunacharoen, Chargé d’Affaires (ad interim) នៃស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា លោកបណ្ឌិត អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី តំណាងសាកលវិទ្យាល័យជាច្រើនមកពីប្រទេសថៃ សិស្សនិស្សិត សាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ។

ក្នុងឱកាសនេះ លោកស្រី Chargé d’Affaires នៃស្ថានទូតថៃប្រចាំកម្ពុជា បានឱ្យដឹង ស្ថានទូតថៃប្រចាំកម្ពុជា រួមសហការជាមួយបណ្ដាញអតីតនិស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសថៃ (Thailand Alumni in Cambodia) និង ស្ថាប័ន Go Study Thailand រៀបចំ ពិព័រណ៍ការសិក្សា និងការងារឆ្នាំ២០២៥ “Thailand Education and Jobs Fair 2025” ក្រោមមូលបទ “រួមគ្នាដើម្បីអនាគតដ៏កាន់តែប្រសើរ” ក្នុងគោលបំណង ដើម្បីជាការអបអរខួបគម្រប់ ៧៥ ឆ្នាំនៃការស្ថាបនាទំនាក់ទំនងការទូតរវាងកម្ពុជា – ថៃ ព្រមទាំងជាឱកាសជួបជុំគ្នាដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដែលកំពុងស្វែងរកការងារ ឬឱកាសបន្តការសិក្សា និងកម្មវិធីអាហារូបករណ៍ថៃ ដោយការជួបផ្ទាល់ជាមួយតំណាងសកលវិទ្យាល័យល្បីៗ មកពីប្រទេសថៃ ក៏ដូចជាការជួបផ្ទាល់ជាមួយក្រុមហ៊ុនថៃឈានមុខគេដែលកំពុងបោះទុននៅកម្ពុជា។

មានប្រសាសន៍នាឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះដល់ស្ថានទូតថៃប្រចាំនៅកម្ពុជា ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំពិព័រណ៍ការសិក្សា និងការងារឆ្នាំ២០២៥ នេះឡើងដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាបានស្វែងយល់ និងទទួលបានព័ត៌មានពេញលេញច្បាស់លាស់ ពីកម្មវិធីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសថៃ ក៏ដូចជា ជាឱកាសការងារដ៏សម្បូរបែបដែលផ្តល់ជូនដោយក្រុមហ៊ុនថៃនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះពិតជាសក្ខីភាពនៃទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា-ថៃ ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកអាស៊ានតែមួយ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបង្កើតថ្មី និងការបង្កើតឱកាសកាន់តែសម្បូរបែបសម្រាប់យុវជន ដើម្បីក្លាយជាកម្លាំងចលករចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចព្រះមហាក្សត្រី មហាចក្រី សិរិន្ទថន ដែលតែងយកចិត្តទុកដាក់ចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់ជូននូវអាហារូបករណ៍ជាច្រើនដល់និស្សិតកម្ពុជា ក៏ដូចជាកម្មវិធីការផ្លាស់ប្តូរការសិក្សា និងការអប់រំបច្ចេកទេស។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «សូមលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងពិព័រណ៌នេះ ដើម្បីទទួលយកនូវអត្ថប្រយោជន៍ជាច្រើនដែលកម្មវិធីផ្តល់ជូន ហើយព្យាយាមចាប់យកឱកាសការសិក្សា និងការងារ ពង្រីកការយល់ដឹង ពង្រឹងបទពិសោធ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងវេទិកាកិច្ចពិភាក្សានានា ស្វែងយល់ពីភាពចម្រុះនៃអាជីពការងារ និងជំនាញដែលត្រូវការជាចាំបាច់ដើម្បីបង្កើនសក្តានុពលយុវជនក្នុងទីផ្សារការងារប្រកបដោយការប្រកួតប្រជែងបច្ចុប្បន្ន»៕

To Top