ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្តិភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នាវេលាម៉ោងជាង១១ព្រឹក (ម៉ោងនៅភ្នំពេញ) ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base សាធារណរដ្ឋហ្វីលីពីន ប្រកបដោយសុវត្តិភាព ដោយមានការទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី លោក Ralph G. Recto រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ សាធារណរដ្ឋហ្វីលីពីន។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៨នាទីព្រឹកនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាក់ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីលនៃសាធារណរដ្ឋហ្វីលីពីន ។

ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី និងគណៈប្រភូ ធ្វើឡើងចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ លោក Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន៕

To Top