ព័ត៌មានជាតិ

លោក ឃួង ស្រេង បន្តណែនាំ ដល់កងកម្លាំងទាំងអស់ អនុវត្តឱ្យបានម៉ឺងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាប ក្រុមក្មេងទំនើង

ភ្នំពេញ៖ លោក ឃួង ស្រេង​ ប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤​ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋាន និងគ្រប់គ្រងវត្តមានជនបរទេស ឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ​ គឺសុទ្ធតែស្របច្បាប់ ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ កុម្ភៈ២០២៥នេះ លោក ឃួង ស្រេង បានណែនាំទៅកាន់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តដាក់ឱ្យបាន ម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋាន ដោយត្រូវណែនាំរហូតដល់ភូមិ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានក្រុមក្មេងទំនើង បង្ករភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។

ដោយឡែកសម្រាប់អាជ្ញាធរខណ្ឌនៅជាយក្រុង ត្រូវសហការជាមួយអាជ្ញាធរស្រុក នៃខេត្តជាប់ព្រំប្រទល់ ជាមួយរាជធានីភ្នំពេញ ឱ្យបានប្រទាក់ក្រឡាគ្នា ដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឱ្យបាន ពិសេសក្រុមក្មេងទំនើងនេះតែម្តង។ នេះជារការបញ្ជាក់បន្ថែមរបស់លោក ឃួង ស្រេង ។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានី បានលើកឡើងថា “ជាធម្មតាបទល្មើសកើតមាន យើងត្រូវស្រាវជ្រាវបង្ក្រាបហើយ តែអ្វីដែលសំខាន់ទៀតនោះ គឺការបង្កើនកម្លាំងពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើស ។ ចំពោះទីតាំងស្មុកស្មាញ មានហានិភ័យ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅទីនោះ”។

បន្ថែមពីនះ លោក ឃួង ស្រេង នូវបានជំរុញឱ្យខណ្ឌទាំង១៤ ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យបានល្អដោយធានាបានថា ជនបរទេស ដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺសុទ្ធតែជាជនដែលស្នាក់នៅ​ដោយស្របច្បាប់ មិនមានបទល្មើស ។

លោកអភិបាលរាជធានី ក៏ជំរុញឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ ខណ្ឌទាំង១៤ បន្តបាញ់ថ្នាំមូស ដើម្បីសុខមាលភាពប្រជាណលរដ្ឋ បើទោះបីជាបើកយុទ្ធនាការ១លើកមកហើយ កាលពីដើមខែមករាឆ្នាំ២០២៥ ខណៈឆ្នាំនេះ មានសត្វមូសច្រើនខុសពីធម្មតា ទើបបន្តការបាញ់ថ្នាំសម្លាប់មូសបន្ថែមទៀត ៕

To Top