ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ នីថ្ងៃ១០ កុម្ភៈ បានបង្ហាញការសោកស្តាយនឹងបុរសម៉ាឡេស៊ី មួយរូបដែលមិនសហការផ្តល់ព័ត៌មានជនល្មើសដល់សមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវនិងបង្ក្រាបជនល្មើសឱ្យដល់ឫសគល់ ប៉ុន្តែបែរជាបុរសរូបនេះ ផ្តល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មានអន្តរជាតិទៅវិញថាចាញ់បោកគេមកកម្ពុជា ។
ការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈនេះ ក្រោយពីបានឃើញសារព័ត៌មានចិនចុះផ្សាយចំណងជើងថា ដោយសារតែសំបុត្រយន្តហោះមិនគិតថ្លៃត្រូវគេបោកឱ្យទៅកម្ពុជា «បុរសម៉ាឡេស៊ីជាប់បង្ខាំងកន្លះឆ្នាំរស់នៅពឹងលើបរិភោគសាច់កណ្តុរ» ។
![](https://dap-news.com/wp-content/uploads/2025/02/169.jpg)
ចំពោះករណីនេះ លោកបណ្ឌិត ទូច សុឃៈ បានចោទជាសំណួរថា តើលើកឡើងរបស់ជនជាតិម៉ាឡេស៊ីរូបនេះជាចេតនា ដើម្បីបំបាក់មុខកម្ពុជាឬ?
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រសិនបើករណីនេះកើតនៅកម្ពុជា ហេតុអ្វីបុរសជនជាតិម៉ាឡេស៊ីរូបនេះ មិនផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលសមត្ថកិច្ចកម្ពុជាជួយអន្តរាគមន៍សង្គ្រោះខ្លួន អំពី សាច់រឿងលម្អិត តម្រុយព័ត៌មាន ប្រភព ទីតាំងប្រព្រឹត្តបទល្មើស និងមុខសញ្ញាជនសង្ស័យនោះ? ប៉ុន្តែបែរជាគេលាក់ព័ត៌មាន រហូតទៅដល់ប្រទេសខ្លួនទើប ប្រាប់បណ្ដាញព័ត៌មានឱ្យចុះផ្សាយ។ តើអាចការប្រឌិតព័ត៌មាន ធ្វើឱ្យមានការភាន់ច្រឡំប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជា?
![](https://dap-news.com/wp-content/uploads/2025/02/171.jpg)
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទង្វើផ្តល់បទសម្ភាសន៍របស់បុរសរូបនេះ មិនមានភាពស្មោះត្រង់ មានចេតទនាទុច្ចរិត។ ចំណែកបណ្ដាញសារព័ត៌មាន ដកស្រង់តែប្រភពម្ខាង ពុំបានស្វែងរកព័ត៌មានបញ្ជាក់ពីភាគីពាក់ព័ន្ធ។ តើមានចេតនាអ្វី? លើសពីនេះ ក្នុងអត្ថបទ ពុំបង្ហាញភាពជាក់លាក់ ពេញលេញ ជាពិសេស អត្តសញ្ញាណប្រភពផ្ដល់ព័ត៌មាន។ លោកថា ករណីអត្តសញ្ញាណប្រភពច្បាស់លាស់ សមត្ថកិច្ចជំនាញងាយស្រួលស្រាវជ្រាវដើម្បីស្វែងរកការពិត។
![](https://dap-news.com/wp-content/uploads/2025/02/172.jpg)
លោកបានសង្កត់ធ្ងន់ថា «បើកើតនៅកម្ពុជាមែន ហេតុអ្វី ក្រោយពីការសង្គ្រោះ បុរសជនជាតិម៉ាឡេស៊ីនេះ មិនបានផ្តល់ព័ត៌មានដែលថាខ្លួនត្រូវបានបង្ខំបរិភោគសាច់កណ្តុរទេ…? ប្រសិនបើមានកើតករណីនេះមែន ស្នើសុំបុរសជនជាតិម៉ាឡេស៊ីរូបនេះចូលរួមសហការជាមួយសមត្ថកិច្ច និងផ្តល់ភស្តុតាងបន្ថែមដើម្បីសមត្ថកិច្ចមានមូលដ្ឋានបន្តធ្វើការស៊ើបអង្កេតបន្ថែមទៀត ជៀសវាងការប្រឌិតព័ត៌មាន និងបង្កើតឱ្យមានការភាន់ច្រឡំ»។
![](https://dap-news.com/wp-content/uploads/2025/02/173-639x1024.jpg)
ទោះបីជាបុរសរូបនេះមិនសហការជាមួយសមត្ថកិច្ចកម្ពុជាយ៉ាងណា បើតាមលោកបណ្ឌិត ទូច សុឃៈ សមត្ថកិច្ចពាក់ព័ន្ធ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីលាងជម្រះព័ត៌មានមិនពិតនេះ និងស្វែងរកទឡ្ហករណ៍ភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកបុរសរូបនេះវិញ។ ប្រសិនបើជាពិត សមត្ថកិច្ចកម្ពុជានឹងស្រាវជ្រាវបង្ក្រាបជនល្មើសឱ្យខាងតែបាន។
យោងតាមសារព័ត៌មានភាសាចិន China Press ជនរងគ្រោះឈ្មោះ Jimmy អាយុ៣១ឆ្នាំ កាលពីខែកក្កដាឆ្នាំ២០២៤ បានស្គាល់មិត្តភ័ក្តិម្នាក់ ដោយមិត្តភ័ក្តិនោះសន្យាជាមួយគាត់ថាជួយរកការងារគាត់ធ្វើនៅកម្ពុជា និងជួយទិញសំបុត្រសំបុត្រយន្តហោះអោយគាត់មកកម្ពុជា។ Jimmy បានយល់ព្រម តែចុងក្រោយគាត់ត្រូវបានគេបោកបញ្ឆោតឱ្យទៅកន្លែងបោកប្រាស់តាមអនឡាញ។ បន្ទាប់ពីចូលទៅក្នុងកន្លែងធ្វើការងារបោកប្រាស់ លោក Jimmy ត្រូវបានគេតម្រូវឱ្យសម្រេចផែនការការងារបោកបញ្ឆោតអ្នកដ៏ទៃឱ្យបានយ៉ាងតិចឱ្យ ៦០០០០រីងហ្គីត (ប្រហែល13500ដុល្លារ) ក្នុងមួយខែ ពេលសម្រេចផែនការ ទើបអនុញ្ញាតឱ្យប្រើទូរស័ព្ទដៃ។ ប៉ុន្តែគាត់មិនចង់ក្លាយជាសមាជិកនៃក្រុមឆបោកទេ ដូច្នេះគាត់ត្រូវបានគេវាយដំ និងបង្អត់អាហារ ហើយថែមទាំងបង្ខំឱ្យបរិភោគសាច់ជ្រូក និងសាច់កណ្តុរទៀតផង៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)