ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមអតីតនិស្សិតហ្វីលីពីនពីបណ្ឌិត្យសភាយោធា West Point ចងភ្ជាប់ទំនាក់ទំនងជាមួយក្រុមអតីតនិស្សិតកម្ពុជា ពីបណ្ឌិត្យសភាយោធាWest Point។
![](https://dap-news.com/wp-content/uploads/2025/02/174-682x1024.jpg)
ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ ក្រុមអតីតនិស្សិតពីសាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយ លោក Cris Acosta អតីតនិស្សិតក្នុងឆ្នាំសិក្សា១៩៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
![](https://dap-news.com/wp-content/uploads/2025/02/180-1024x682.jpg)
ក្នុងឱកាសនៃជំនួប លោក Cris Acosta តំណាងក្រុមអតីតនិស្សិតនៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូប លោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបានជោគជ័យ។
![](https://dap-news.com/wp-content/uploads/2025/02/177-683x1024.jpg)
ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍ និងអនុស្សាវរីយ៍ជាច្រើនជូនសម្ដេចបវរធិបតីក្នុងអំឡុងពេលសិក្សានៅសាលា West Point ។
![](https://dap-news.com/wp-content/uploads/2025/02/176-682x1024.jpg)
លោក Cris Acosta ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា លោក និងក្រុមអតីតនិស្សិត West Point ផ្សេងទៀតនឹងរៀបចំដំណើរទស្សនកិច្ចមួយទៅកាន់កម្ពុជា នាពេលខាងមុខនេះ។
![](https://dap-news.com/wp-content/uploads/2025/02/179-1024x682.jpg)
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបលោកCris Acosta និងក្រុមអតីតនិស្សិតសាលា West Point ។
![](https://dap-news.com/wp-content/uploads/2025/02/178-1024x682.jpg)
សម្ដេចបវរធិបតីក៏បានចែករំលែក និងលើកឡើងពីបទពិសោធនៃការសិក្សា ក៏ដូចជាអនុស្សាវរីយ៍នានាជាច្រើនរបស់សម្ដេចបវរធិបតី នៅក្នុងអំឡុងពេលនៃការសិក្សានៅសាលា West Point ។
សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុមអតីតនិស្សិតហ្វីលីពីន ពីសាលា West Point ក្នុងការរៀបចំដំណើរទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Cris Acosta និងក្រុមអតីតនិស្សិត បង្កើតទំនាក់ទំនងឱ្យជិតស្និទ្នជាមួយក្រុមអតីតនិស្សិតសាលា West Point របស់កម្ពុជា ក៏ដូចជា ក្រុមអតីតនិស្សិតនៃបណ្តាប្រទេសអាស៊ីអគ្នេយ៍ផ្សេងទៀត៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)