ព័ត៌មានជាតិ

លោកឧញ៉ា ឆារស៍ វ៉ាន់ ស្នើដល់សមាគមទេសចរណ៍កម្ពុជា យកចិត្តទុកដាក់ទទួលភ្ញៀវទេសចរ និងជួយផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ លោកឧញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានស្នើឱ្យសមាជិកសមាគមទេសចរណ៍កម្ពុជាទាំងអស់ យកចិត្តទុកដាក់ដើម្បីទទួលភ្ញៀវទេសចរ និងជួយធ្វើការផ្សព្វផ្សាយ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈប្រតិបត្តិករទេសចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកៀរគរភ្ញៀវទេសចរមកទស្សនាកម្ពុជា ។

ការស្នើសុំរបស់លោកឧញ៉ា ឆារស៍ វ៉ាន់ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ច របស់សមាជិក សមាជិកានៃសមាគមទេសចរណ៍កម្ពុជា ប្រមាណជាង ២០០នាក់ ដឹកនាំដោយលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា​ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។

ដំណើរទស្សនកិច្ចរបស់សមាគមទេសចរណ៍កម្ពុជា នាឱកាសនេះ ធ្វើឡើងដើម្បីពិនិត្យពីវឌ្ឍនភាព អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈគម្រោងនៃការដាក់ឱ្យដំណើរការ ព្រលានយន្តហោះខ្នាតយក្សមួយនេះ នឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។

បន្ទាប់ពីបានទស្សនកិច្ចផ្ទាល់ហើយនោះ លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា នេះគឺជាសមិទ្ធផលមួយដ៏អស្ចារ្យសម្រាប់កម្ពុជា ដែលកម្ពុជាទទួលបាន អាកាសយានដ្ឋានអន្តរជាតិដ៏ល្អ ដោយសារមានបច្ចេកវិទ្យាទំនើបៗ នៅក្នុងនេះ និងបានប្តេជ្ញាថា នឹងចូលរួមចំណែក ជាមួយរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយ អំពីព្រលានយន្តហោះថ្មីនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ កាន់តែកើនឡើងចូលមកប្រទេសកម្ពុជា។

ក្នុងនោះលោកស្រី បានឲ្យថា តាមរយៈទស្សនកិច្ចសិក្សានេះ នឹងយកទៅផ្សព្វផ្សាយ​ នៅតាមបណ្តាពិព័រណ៌ទេសចរណ៍ធំៗ នៅលើពិភពលោក ជាពិសេសនៅខែមីនាខាងមុខនេះ ដែលនឹងមានបេសកកម្មនៅទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់ ខាងសមាគមនឹងផ្តិតយករូបភាពទាំងនេះ ទៅបង្អួតការីទេសចរ ប្រតិបត្តិទេសចរណ៍ នៅលើពិភពលោក​ ដែលប្រមូលផ្តុំគ្នា នៅក្នុងពិព័រណ៌ទេសចរណ៍ ក្នុងប្រទេសអាឡឺម៉ង់។

ក្នុងឱកាសនោះ លោកឧញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល​ បានឯកភាពសម្រេចឱ្យសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខែកក្កដា ឆ្នាំ២០២៥នេ ដូចនេះនៅខែកក្កដានឹងត្រៀមខ្លួន ដើម្បីទៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការតែម្តង។

ជាមួយនេះ លោកឧកញ៉ា​ បានស្នើឱ្យសមាជិកសមាគមទេសចរណ៍កម្ពុជាទាំងអស់ យកចិត្តទុកដាក់ដើម្បីទទួលភ្ញៀវ និងជួយធ្វើការផ្សព្វផ្សាយ ពីអាកាសយានដ្ឋានដ៏ធំមួយនេះផងដែរ។ ដោយលោកចាត់ទុក ប្រតិបត្តិករទេសចរណ៍ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកៀរគរ និងលើកទឹកចិត្តភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ប៉ុន្តែការមកទស្សនានេះដែរ លុះត្រាតែកម្ពុជាមានសម្ភារៈ និងទីតាំងគ្រប់គ្រាន់សម្រាប់ពួកគេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីដើមខែមករាកន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយ ក្នុងចំណោម ១១ស្ថាបត្យកម្ម ដ៏អស្ចារ្យបំផុត នៅលើពិភពលោក ដោយដាក់ទីតាំងព្រលានយន្តហោះតេជោ នៅជួរមុខនៃការរចនាប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមកជំនួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានសមត្ថភាព បម្រើសេវាកម្មដឹកភ្ញៀវទេសចរ បានរហូតដល់ទៅ ៦ដងលើសព្រលានបច្ចុប្បន្ន៕

To Top