ព័ត៌មានជាតិ

សម្ដេចបវរធិបតី ស្វាគមន៍ក្រុមហ៊ុនហ្វីលីពីន បានចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគ នៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុមហ្វីលីពីន ចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ នៅប្រទេសកម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍បែបនេះ នាឱកាសអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្មបានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា សាជីវកម្មSan Miguel ជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ និងភេសជ្ជៈ, ថាមពល និងចំរាញ់ប្រេង។ ជាក់ស្តែង, សាជីវកម្ម San Miguel បានសាងសង់ និងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ។

ជាមួយគ្នានេះ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា។

លោកប្រធានក្រុមហ៊ុន បានលើកឡើងថា កម្ពុជា ជាប្រទេសមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់ ក្នុងនោះកម្ពុជា ជាប្រទេសដែលមានដីមានជីជាតិល្អ, កម្លាំងពលកម្មមានជំនាញ, ភូមិសាស្ត្រអំណោយផលដែលអាចឱ្យកម្ពុជាតភ្ជាប់ខ្លួនទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់ និងសកលលោកបានយ៉ាងល្អ។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចបវរធិបតីបានគូសបញ្ជាក់ពីសក្ដានុពល និងឱកាសនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់នៅក្នុងកម្ពុជា ក៏ដូចទៅក្នុងបណ្ដាប្រទេសក្នុងតំបន់។

ជាមួយគ្នានេះ, សម្ដេចបវរធិបតី ក៏បានជម្រាបជូនក្រុមហ៊ុនអំពីវិស័យគន្លឹះ និងយុទ្ធសាស្ត្ររបស់កម្ពុជា ដែលជាកាលានុវត្តភាពសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន។

សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា វិស័យសិកម្មដែលជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា គឺជាវិស័យដែលក្រុមហ៊ុនគួរយកចិត្តទុកដាក់ និងពិនិត្យមើលឱកាសវិនិយោគក្នុងដំណាក់កាលណាមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ភ្ជាប់ទៅកាន់តំបន់ និងពិភពកលោក។

សម្ដេចបវរធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ, បង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្កើតបរិយាកាសអំណោយផល និងកិច្ចសម្របសម្រួលនានា សំដៅជំរុញការវិនិយោគ និងភាពជោគជ័យរបស់ក្រុមហ៊ុន នៅកម្ពុជា៕

To Top